(មូស្គូ)៖​ រុស្ស៉ី នៅថ្ងៃសៅរ៍ ទី១៤ ខែតុលានេះ បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធ ២គ្រឿង នៅតំបន់សមុទ្រខ្មៅស្ថិតនៅ ភាគខាងត្បូងនៃទីក្រុង Sochi។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ៊ុយក្រែនបានវាយប្រហារលើទីក្រុងរបស់រុស្ស៉ី ដោយប្រើយន្ដហោះដ្រូនអស់រយៈពេលជាច្រើនខែមកហើយ ។ នៅក្នុងការបញ្ជាក់មួយលើបណ្ដាញទំនាក់ទំនងសង្គម លោក Alexei Kopaygorodskiy ជាអភិបាលតំបន់ Krasnodar បានឱ្យដឹងថា «នៅថ្ងៃនេះ នៅម៉ោង ៧៖១០នាទីព្រឹក ...យន្ដហោះដ្រូន ២គ្រឿងត្រូវបានបាញ់ ទម្លាក់ នៅលើសមុទ្រ... ហើយមិនមានអ្នកស្លាប់ និងរងរបួសនោះទេ ស្របពេលអាកាសយានដ្ឋាននៅតែបន្តធ្វើប្រតិបត្តិការជាធម្មតា ហើយស្ថានភាពស្ថិតនៅក្រោម ការគ្រប់គ្រង»

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ រុស្ស៉ី បានរាយការណ៍ពីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅឯឃ្លាំងស្ដុកប្រេងមួយស្ថិតនៅក្បែរអាកាសយានដ្ឋានក្នុងទីក្រុង Sochi ដោយអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមល្បីៗ ក្នុងប្រទេសរុស្ស៉ី អះអាងថាអគ្គិភ័យនេះបណ្ដាលមកពីការវាយប្រហារបស់អ៊ុយក្រែន៕

រូបភាពពី AFP