(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា (Gaza) គ្រប់គ្រងដោយក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទី១៤ ខែតុលានេះថាការវាយប្រហារតាម ផ្លូវអាកាសជាការសងសឹករបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា ចាប់តាំងពីវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនមក បានសម្លាប់មនុស្សយ៉ាងហោច ២,២១៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ក្នុងចំណោមមនុស្ស ២,២១៥នាក់ដែលបានស្លាប់ ក្នុងនោះមាន ៧២៤នាក់ជាកុមារ និងស្ត្រី ៤៥៨នាក់ ហើយជាង ៨,៧១៤នាក់បានរងរបួស។ ការអះអាងពីការកើនឡើងចំនួនអ្នកស្លាប់នេះដែរ ធ្វើឡើងបន្ទាប់ពីមនុស្ស ៣២៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ អ៉ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ នៅថ្ងៃសៅរ៍នេះដែរបានឱ្យដឹងថាអគារច្រើនជាង ១,៣០០ខ្នង នៅក្នុងតំបន់ហ្កាហ្សា (Gaza) ត្រូវបានបំផ្លាញ នៅក្នុង ការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការទម្លាក់គ្រាប់បែកជាងមួយសប្ដាហ៍មកនេះលើតំបន់ហ្កាហ្សា ជាការសងសឹកទៅនឹងក្រុមហាម៉ាស ដែលបានបើកការវាយប្រហារសម្លាប់មនុស្ស ១,៣០០នាក់ ក្នុងប្រទេសអ៉ីស្រាអែល ទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ៕

រូបភាពពី Reuters