(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Mikhail Bogdanov អាចនឹងជួបជាមួយក្រុមមន្ត្រីហាម៉ាស ក្នុងប្រទេសកាតា នៅសប្ដាហ៍ក្រោយ ហើយនឹង ពិភាក្សាពីលទ្ធភាពនៃការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាមួយនេះ ក្នុងការវាយប្រហារលើ អ៉ីស្រាអែល កាលពីសប្ដាហ៍មុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី RIA បានឱ្យដឹងទៀតថា លោក Bogdanov ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសកាតានាពេលកន្លងមកដែរ ហើយក៏បានធ្លាប់ជួប ក្រុមមន្ត្រីហាម៉ាសនៅទីនោះដែរ។ លោក Bogdanov បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេ (ហាម៉ាស) ចង់ យើងនឹងរក្សាទំនាក់ទំនង។ លើសពីនេះទៅទៀត ក្នុងស្ថានភាពនេះ កិច្ចប្រជុំនេះគឺពិតជាមានសារៈសំខាន់ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង ក្នុងនោះរួមមានទាំងការដោះលែង ចំណាប់ខ្មាំង។

គួរបញ្ជាក់ថា រុស្ស៉ី កាលពីថ្ងៃសុក្រកន្លងទៅនេះបានអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌មួយ នៅក្នុងតំបន់ (Gaza) និងអ៉ីស្រាអែល នៅឯ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមហាម៉ាសបានចាប់ខ្លួនមនុស្ស១៥០នាក់ជាចំណាប់ខ្មាំង នៅក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ លើអ៉ីស្រាអែល៕

រូបភាពពី TASS