(បេរូត)៖ ក្រុមហេសប៊ូលឡា (Hezbollah) នៅក្នុងប្រទេសលីបង់ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថាខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីចូលរួម ជាមួយក្រុមហាម៉ាស នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៉ីស្រាអែល នៅពេលវេលាអំណោយផល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ណាអ៉ីម កសឹម (Naim Qassem) ជាអនុប្រធានក្រុមហេសប៊ូលឡា (Hezbollah) កើតមានឡើង ខណៈសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលថ្ងៃទី៧ហើយ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៉ីស្រាអែលដោយសម្លាប់មនុស្សជាង ១,៣០០នាក់ ក្នុងនោះភាគច្រើនជា ជនស៊ីវិល។ អ៉ីស្រាអែលវិញ បានបើកការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ជាការសងសឹកដោយសម្លាប់មនុស្សជាង ១,៩០០នាក់ ក្នុងនោះភាគច្រើនជនស៊ីវិល និងមាន កុមារជាង ៦០០នាក់។ នេះបើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។

ថ្លែងទៅកាន់អ្នកគាំទ្រប៉ាឡេស្ទីន នៅឯជាយទីក្រុង បេរូត លោក កសឹម បានគូសបញ្ជាក់ដូច្នេះថា «យើង ជាក្រុមហេសបូលឡា កំពុងចូលរួមចំណែកដើម្បីប្រឈមមុខ ហើយនឹងបន្តចូលរួមចំណែកនេះ នៅក្នុងចក្ខុវិស័យ និងផែនការរបស់យើង។ យើងបានត្រៀមលក្ខណៈជាស្រេច ហើយនៅពេលវេលាត្រូវធ្វើសកម្មភាពមកដល់ យើងនឹង ធ្វើសកម្មភាពភ្លាមៗ»

គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានថ្ងៃមកនេះ អ៉ីស្រាអែល និងក្រុមហេសប៊ូលឡា បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក ហើយនៅថ្ងៃសៅរ៍នេះដែរ កងកម្លាំងអ៉ីស្រាអែល បានអះអាងពីការវាយប្រហារលើមូលដ្ឋានមួយរបស់ហេសប៊ូលឡាក្នុងប្រទេសលីបង់ ជាការសងសឹកទៅនឹងការវាយប្រហារមួយចូលក្នុងទឹកដីអ៉ីស្រាអែល៕

រូបភាពពី Reuters