(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាការបង្គាប់របស់អ៉ីស្រាអែល ឱ្យប្រជាជនប៉ាឡេស្ទីនជាង ១.១លាននាក់ នៅភាគខាងជើងតំបន់ Gaza ជម្លៀសចេញទៅកាន់ភាគខាងត្បូង ក្នុងរយៈពេល២៤ម៉ោង​ វាបៀបដូចជាការកាត់ទោសប្រហារជីវិតសម្រាប់អ្នកជំងឺឈឺធ្ងន់នៅក្នុងមន្ទីរពេទ្យ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យអង្គការ WHO លោក Tarik Jasarevic បាននិយាយថាអាជ្ញាធរសុខាភិបាល ក្នុងតំបន់ហ្កាហ្សា (Gaza) បានជូនដំណឹងថាពួកគេមិនអាចជម្លៀស អ្នកជំងឺដែលងាយរងគ្រោះក្នុងរយៈពេល ២៤ម៉ោង តាមការបង្គាប់របស់យោធាអ៉ីស្រាអែលនោះឡើយ។ លោក Jasarevic បានគូសបញ្ជាក់ដូច្នេះថា «ពួកគេជា អ្នកជំងឺឈឺធ្ងន់ ដែលមានឱកាសរស់ដោយសារតែឧបករណ៍ជំនួយ ដូចជាអុកស៊ីសែនប៉ុណ្ណោះ។ ដូច្នេះការជម្លៀសពួកគេចេញ ប្រៀបដូចជាការកាត់ទោសប្រហារជីវិត ហើយការបង្គាប់ឱ្យគ្រូពេទ្យធ្វើរឿងបែបនេះជាទង្វើលើសពីឃោរឃៅ»

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុង Gaza City នៃតំបន់ Gazaចាកចេញពីផ្ទះសម្បែង ហើយជម្លៀសខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ខណៈ​វាគឺជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការ ជើងគោកទ្រង់ទ្រាយធំ វាយលុកចូលដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងពេលឆាប់ៗ។

ក្នុងថ្ងៃដដែលនេះ អង្គការសហប្រជាជាតិ (UN) ក៏បានឱ្យដឹងដែរថា ខ្លួនទទួលបានការជូនដំណឹងពីយោធាអ៉ីស្រាអែល កាលពីយប់ពាក់កណ្តាលអាធ្រាត្រ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មនុស្សប្រមាណ១.១លាននាក់ នៅភាគខាងជើងតំបន់ Wadi Gaza នៃដែនដីប៉ាឡេស្ទីន Gaza គួរតែផ្លាស់ទីទៅកាន់ភាគខាងត្បូង ក្នុងរយៈពេល២៤ម៉ោង។ តំបន់នៅភាគខាងជើង Wadi Gaza គឺរួមមានទាំង Gaza City ដែលជាទីក្រុងធំជាងគេរបស់តំបន់ Gaza Strip ផងដែរ។ UN បានស្នើឱ្យអ៉ីស្រាអែលលុបចោលបញ្ជា​ជម្លៀសខ្លួននោះវិញ ដោយព្រមានពីផលវិបាកផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ៕

រូបភាពពី Reuters