(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (​UN) លោក Vassily Nebenzia បានអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌មួយ នៅក្នុងតំបន់ (Gaza) និងអ៉ីស្រាអែល ខណៈឆ្លៀតរិះគន់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងជម្លោះដែលកំពុងកើតឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីព្រាងដំណោះស្រាយមួយស្នើឡើងដោយរុស្ស៉ី ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN និងដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ បានអំពាវនាវឱ្យមាន បទឈប់បាញ់មួយជាបន្ទាន់ និងធានាការដោះលែងចំណាប់ខ្មាំង ព្រមទាំងបានថ្កោលទោសយ៉ាងខ្លាំងផងដែរលើអំពើហិង្សាគ្រប់ទម្រង់ និងការវាយប្រហារ ប្រឆាំងនឹង ជនស៊ីវិល ក៏ដូចជាអំពើភេវរកម្មគ្រប់ទម្រង់ទាំងអស់។

នៅក្នុងជំនួបបិទទ្វារនៃក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ឯកអគ្គរដ្ឋទូតរុស្ស៉ី លោក Vassily Nebenzia បានគូសបញ្ជាក់ ដូច្នេះថា «យើងយល់ថាក្រុមប្រឹក្សាសន្តិសុខត្រូវតែធ្វើសកម្មភាព ដើម្បីបិទបញ្ចប់ការបង្ហូរឈាម និងចាប់ផ្ដើមកិច្ចចរចាឡើងវិញ...»។ ប៉ុន្តែលោកក៏បានរិះគន់ សហរដ្ឋអាមេរិកផងដែរថាជាអ្នកទទួលខុសត្រូវ ចំពោះសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា និងរិះគន់ប្រមុខគណៈកម្មអឺរ៉ុប លោកស្រី Leyen សម្រាប់ការធ្វើគ ធ្វើថ្លង់ ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ដំណោះស្រាយរបស់រុស្ស៉ី មិនបានបញ្ជាក់ចំឈ្មោះក្រុមហាម៉ាសគ្រប់គ្រងតំបន់ហ្កាហ្សានោះទេ។ ចំណែក សហរដ្ឋអាមេរិកវិញ បានអំពាវនាវឱ្យ ក្រុមប្រឹក្សាសន្តិសុខថ្កោលទោសក្រុមហាម៉ាស និងការវាយប្រហាររបស់ពួកគេដែលបានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៣០០នាក់ ក្នុងនោះភាគច្រើនជា ជនស៊ីវិល និងចាប់ខ្លួនមនុស្ស១៥០នាក់ជាចំណាប់ខ្មាំង។ អ៉ីស្រាអែលវិញបានបើកការវាយប្រហារសងសឹក ដោយបានសម្លាប់មនុស្សជាង ១,៩០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងមានកុមារជាង ៦០០នាក់៕

រូបភាពពី AFP