(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត បានសម្រេចផ្អាកកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដែលនេះជាសញ្ញាមួយនៃការគិតគូរឡើងវិញពីគោលនយោបាយការបរទេសជាអាទិភាពរបស់ខ្លួន នៅចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ក៏កំពុងរុញឱ្យអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ខិតជិតគ្នាផងដែរ។ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី ខណៈទីក្រុងរីយ៉ាដ កំពុងព្យាយាមរារាំងកុំឱ្យ អំពើហិង្សារាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថានឹងមានការផ្អាកកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិកស្ដីពី ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ដោយទីក្រុងរីយ៉ាដ មិនអាចបន្តកិច្ចចរចាក្នុងពេលឥលូវនេះបានទេ ហើយបញ្ហានៃការធ្វើ សម្បទានរបស់អ៉ីស្រាអែល សម្រាប់ប៉ាឡេស្ទីន នឹងអាចក្លាយជាអាទិភាពមួយដ៏ធំ នៅពេលកិច្ចពិភាក្សាចាប់ផ្ដើមឡើងវិញ។ ប៉ុន្តែ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនបានធ្វើអត្ថាធិប្បាយអ្វីទេចំពោះការចុះផ្សាយរបស់​ Reuters។

គួរបញ្ជាក់ថា នៅមុនសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃសៅរ៍មុនមក អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ត្រូវបានរាយការណ៍ថាមាន ភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដែលអាចធ្វើឱ្យតំបន់មជ្ឈិមបូព៌ាផ្លាស់ប្ដូរ។ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ក៏ធ្លាប់បាន មានបន្ទូលដែរថាកិច្ចចរចាកំពុងធ្វើឱ្យប្រទេសទាំង២ ខិតកាន់តែជិតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ៕

រូបភាពពី Reuters