(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលយ៉ាងសាហាវលើ តំបន់ហ្កាហ្សា (Gaza) ទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ នៃការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសរបស់លោកដែលបណ្ដាលឱ្យ មនុស្ស ១,៣០០នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

ខណៈកងទ័ពអ៉ីស្រាអែលរាប់សែននាក់បានប្រមូលផ្ដុំនៅ​តំបន់ព្រំដែនហ្កាហ្សា លោក Netanyahu បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ ដូច្នេះថា «សត្រូវរបស់ពួកយើង ទើបតែចាប់ផ្ដើមសងមកវិញនូវអ្វីដែលពួកគេបានធ្វើ។ ខ្ញុំមិនអាចប្រាប់ថាតើនឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែ ខ្ញុំអាចប្រាប់អ្នកបានថានេះទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Netanyahu ធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីយោធាអ៉ីស្រាអែលបានឱ្យដឹងថាកងទ័ពរបស់ខ្លួនបានដឹកនាំការវាយឆ្មក់ ដើម្បីកំណត់ទីតាំង នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាកងទ័ពអ៉ីស្រាអែល កំពុងត្រៀម លក្ខណៈបើកធ្វើសង្រ្គាមជើងគោកវាយលុកចូលតំបន់ហ្កហ្សា។ មនុស្ស ១៥០នាក់ ក្នុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស ជាចំណាប់ខ្មាំង ហើយបើតាមក្រុមមន្ត្រី ហ្កាហ្សា ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល បានផ្ដាច់ជីវិតមនុស្ស ១,៨០០នាក់ ក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយហាម៉ាស៕

រូបភាពពី AFP