(ប៊ីស្កេក)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាអ៉ីស្រាអែល បានធ្វើការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោរឃៅ ដោយប្រើប្រាស់ វិធីសាស្ត្រដ៏ឃោរឃៅដូចគ្នា ដោយលោកចង់សំដៅទៅលើការវាយប្រហាររបស់ក្រុមហាម៉ាស និងការសងសឹករបស់អ៉ីស្រាអែល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងដំណើរទស្សនកិច្ចក្នុងទីក្រុងប៊ីស្កេក (Bishkek) នៃប្រទេសកៀហ្ស៉ីស៊ីស្ថាន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក ពូទីន បានលើកឡើងថារុស្ស៉ីយល់យ៉ាងច្បាស់ពី «ភាពឡូហ្សីគនៃព្រឹត្តិការណ៍» នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាទីដែលអ៉ីស្រាអែលបានបិទខ្ទប់ទាំងស្រុងលើតំបន់ ហ្កាហ្សា (Gaza) និងបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសសងសឹកទៅនឹងការវាយប្រហារបស់ក្រុមហាម៉ាស ដែលសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៣០០នាក់។

លោក ពូទីន គូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលកំពុងតបតទៅវិញ ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងដោយប្រើប្រាស់វិធីសាស្រ្តដ៏ឃោរឃៅ ហើយសូម្បីតែនៅ សហរដ្ឋអាមេរិក ក៏សេណារីយ៉ូសម្រាប់តំបន់ហ្កាហ្សា ត្រូវបានជជែកវែកញែកដោយមានអ្នកខ្លះប្រៀបធៀបទៅនឹងការបិទខ្ទប់ទីក្រុង Leningrad (បច្ចុប្បន្នជាទីក្រុង St Petersburg) របស់អតីតសហភាពសូវៀត ដោយពួកណាហ្ស៉ីអាល្លឺម៉ង់ អំឡុងសង្រ្គាមលោកលើកទី២»។ លោក ពូទីន បន្តថា « នៅក្នុងគំនិតរបស់ខ្ញុំ នេះគឺជារឿងមិនអាចទទួលយកបាន។ ដ្បិតប្រជាជនច្រើនជាង ២លាននាក់កំពុងរស់នៅទីនោះ (ហ្កាហ្សា)»

គួរបញ្ជាក់ថា លោក ពូទីន ក៏បានលើកឡើងជាថ្មីផងដែរនូវការអំពាវនាវរបស់លោកឱ្យបិទបញ្ចប់ជម្លោះតាមរយៈកិច្ចចរចា ដោយនិយាយថារុស្ស៉ីអាច ជួយបាន ពីព្រោះរុស្ស៉ីមានទំនាក់ទំនងជាមួយភាគីជម្លោះទាំង២៕

រូបភាពពី Reuters