(វ៉ាស៊ីនតោន)៖​ សេតវិមាន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាកូរ៉េខាងជើងបានប្រគល់បរិក្ខារយោធា និងគ្រាប់ជាង ១,០០០ កុងតឺន័រ ទៅឱ្យរុស្ស៉ី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ដើម្បីប្រើប្រាស់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣។

ការអះអាងខាងលើរបស់សេតវិមាន កើតមានឡើងជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់តំបន់ចុងបូព៌ា នៃប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដោយបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន តួយ៉ាងដូចជា សហរដ្ឋអាមេរិក ពីលទ្ធភាពនៃការចុះកិច្ចព្រមព្រៀងអាវុធរវាងមេដឹកនាំទាំង២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ​អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងថ្កោលទោស DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង) សម្រាប់ការផ្ដល់ឱ្យរុស្ស៉ីនូវបរិក្ខារយោធា ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើបណ្ដា ទីក្រុងរបស់អ៊ុយក្រែន សម្លាប់ប្រជាជនស៊ីវិលអ៊ុយក្រែន និងជួយដល់សង្រ្គាមខុសច្បាប់របស់រុស្ស៉ី»។ លោក Kirby បន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តតាមដានរាល់ ការដឹកជញ្ជូនអាវុធបន្ថែមទៀតទៅឱ្យរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមសេវិមាន នៅចន្លោះពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា មានកុងតឺន័រជាច្រើនត្រូវបានជញ្ជូនតាមសមុទ្រចេញពីតំបន់ Najin ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់ទីក្រុង Dunay ប្រទេសរុស្ស៉ី។ បន្ទាប់មក កុងតឺន័រទាំងនេះត្រូវបានដឹកបន្តតាមរថភ្លើងទៅកាន់ឃ្លាំងអាវុធមួយក្បែរតំបន់ Tikhoretsk ស្ថិតនៅភាគនិរតីប្រទេសរុស្ស៉ី ស្ថិតនៅចម្ងាយប្រហែលជា ២៩០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន។

បើតាមលោក John Kirby ជាថ្នូរទៅនឹងផ្ដល់ការគាំទ្ររបស់ខ្លួន ទីក្រុងព្យុងយ៉ាងចង់បានជំនួយយោធាពីរុស្ស៉ីមកវិញ ក្នុងនោះរួមមានយន្ដហោះចម្បាំង មីស៊ីលបាញ់ពីផ្ទៃដីទៅអាកាស រថពាសដែក បរិក្ខារសម្រាប់ផលិតមីស៊ីលបាលិស្ទីគ និងសម្ភារៈសំខាន់ៗ បច្ចេកវិទ្យាទំនើបៗដទៃទៀត៕

រូបភាពពី AFP