(ប៊ីស្កេក)៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ប្រតិបត្តិការវាយលុកតាមជើងគោករបស់អ៉ីស្រាអែល នៅដែនដីប៉ាឡេស្ទីន Gaza Strip នឹងបង្កឱ្យមានចំនួនជនស៉ីវិលស្លូតត្រង់ស្លាប់ ក្នុងកម្រិតមួយដែលមិនអាចទទួលយកបានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។

លោកប្រធានាធិបតីរុស្ស៉ីបាននិយាយដូចខាងលើ បន្ទាប់ពីយោធាអ៉ីស្រាអែល បានអំពាវនាវឱ្យជនស៉ីវិលទាំងអស់ នៅទីក្រុង Gaza City និងកន្លែងដទៃទៀតនៅភាគខាងជើងនៃដែនដី Gaza Strip ពោលគឺមនុស្សសរុបប្រហែលជាង ១លាននាក់ ជម្លៀសខ្លួនទៅកាន់ភាគខាងត្បូង ក្នុងរយៈពេល២៤ម៉ោង ស្របពេលដែលអ៉ីស្រាអែល បានប្រមូលផ្តុំសព្វាវុធនិងកងទ័ពនៅក្បែរព្រំប្រទល់ Gaza Strip មុនអ្វីដែលគេរំពឹងថា ជាការបើកប្រតិបត្តិការវាយលុកតាមជើងគោក ដើម្បីឆ្លើយតបចំពោះការឆ្មក់ចូលវាយប្រហាររបស់ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅ។ ប្រមាណជា ១សប្តាហ៍មកនេះ យោធាអ៉ីស្រាអែល បានសងសឹកលើពួកហាម៉ាស តែតាមរយៈការវាយប្រហារតាមផ្លូវអាកាសប៉ុណ្ណោះ ដែលបានប្រព្រឹត្តទៅឥតឈប់ឈរ និងផ្តាច់ជីវិតមនុស្សជាង១,៥០០នាក់ នៅ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងជាកន្លែងជ្រកកោនរបស់ប្រជាជនប៉ាឡេស្ទីនសរុប ជាង២លាននាក់។

លោក ពូទីន ដែលយោធារបស់ប្រទេសលោកផ្ទាល់ បានបង្កការបំផ្លិចបំផ្លាញយ៉ាងហិនហោច និងសម្លាប់ជនស៉ីវិលរាប់ពាន់នាក់ ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជិត២០ខែមកហើយនោះ បានលើកឡើងទៀតថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់នៅតំបន់ទីប្រជុំជន គឺប្រកបដោយផលវិបាកធ្ងន់ធ្ងរសម្រាប់ភាគីទាំងសងខាង។ ថ្លែងនៅកិច្ចប្រជុំកំពូលមួយ ក្នុងប្រទេសកៀហ្ស៉ីស៉ីស្ថាន ជាមួយបណ្តាប្រទេសដទៃទៀត ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត លោក ពូទីន បានបន្តយ៉ាងដូច្នេះថា «ហើយអ្វីដែលសំខាន់បំផុតនោះ គឺចំនួនជនស៉ីវិលដែលត្រូវស្លាប់ នឹងមានចំនួនដែលមិនអាចទទួលយកបានដាច់ខាត។ រឿងសំខាន់​នាពេលនេះ គឺបញ្ឈប់ការបង្ហូរឈាម»

យ៉ាងណាក្តី លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា អ៉ីស្រាអែលមានសិទ្ធិការពារខ្លួនឯង បន្ទាប់ពីទទួលរងការវាយប្រហារ ដែលមានលក្ខណៈឃោរឃៅខ្លាំងមិនធ្លាប់មាន ហើយលោកបានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួម ដើម្បីឆ្ពោះទៅសម្រេចបានបទឈប់បាញ់ ឱ្យបានឆាប់ ហើយស្តារស្ថិរភាពស្ថានការណ៍ឡើងវិញ។ បើតាមលោក ពូទីន កិច្ចចរចាគួរតែផ្តោតទៅលើដំណោះស្រាយរដ្ឋពីរ ដែលសំដៅ​ឱ្យប្រជាជនប៉ាឡេស្ទីនមានរដ្ឋឯករាជ្យមួយ ហើយមានភាគខាងកើតទីក្រុងហ៊្សេរុយសាឡិមជារដ្ឋធានីរបស់ខ្លួន។ មេដឹកនាំរុស្ស៉ីរូបនេះ ក៏បានលើកឡើងជាថ្មី នូវរិះគន់ចំពោះសហរដ្ឋអាមេរិកផងដែរ ដោយនិយាយថា សោកនាដកម្មនាពេលនេះ គឺជាលទ្ធផលនៃភាពបរាជ័យ របស់គោលនយោបាយអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ប្រទេសរុស្ស៉ីមានទំនាក់ទំនងយូរអង្វែងទាំងជាមួយអ៉ីស្រាអែល និងប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស ប៉ុន្តែទំនាក់ទំនង​របស់ខ្លួនជាមួយអ៉ីស្រាអែលបានធ្លាក់ចុះ ចាប់តាំងពីលោក ពូទីន បានបញ្ជាឱ្យកងទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មក៕