(បេរូត)៖ ថ្លែងចេញពីទីក្រុងបេរូតនាថ្ងៃសុក្រនេះ ប្រមុខការទូតនៃប្រទេសអ៉ីរ៉ង់ បានលើកឡើងថា សហរដ្ឋអាមេរិកចាំបាច់ត្រូវជួយគ្រប់គ្រង​អ៉ីស្រាអែល ដើម្បីបញ្ចៀសការរីករាលដាលខ្លាំងពេញតំបន់ នៃសង្រ្គាមជាមួយក្រុមប៉ាឡេស្ទីន ហាម៉ាស (Hamas) ហើយរូបលោកបានបន្ថែម ទីក្រុងតេហេរ៉ង់ក៏កំពុងព្យាយាមផ្តល់ការរក្សាការពារ ចំពោះសន្តិសុខនៃប្រទេសលីបង់ ដែលស្ថិតនៅជាប់ភាគខាងជើងអ៉ីស្រាអែលផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ដូឡាហៀន (Hossein Amirabdollahian) បាននិយាយដូចខាងលើ ស្របពេល​ដែលក្រុមហាម៉ាសនិងអ៉ីស្រាអែល កំពុងតែបន្តស្ថិតក្នុងសង្រ្គាមរយៈពេលខ្ទង់មួយសប្តាហ៍មកហើយ បន្ទាប់ពីខ្មាន់កាំភ្លើងហាម៉ាសជាច្រើននាក់ បាន​នាំគ្នាសម្រុកឆ្លងព្រំប្រទល់ពីតំបន់ Gaza Strip ចូលទៅអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយសម្លាប់មនុស្សច្រើនជាង ១,២០០នាក់ ដែលភាគច្រើនជាជនស៉ីវិល និងរួមមានទាំងជនបរទេស ហើយមនុស្សប្រហែល១៥០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង យកទៅ Gaza។ អ៉ីស្រាអែលបានសងសឹកវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរ លើតំបន់ Gaza Strip ដែលបាន​ផ្តាច់ជីវិតមនុស្សជាង១,៥០០នាក់។ មិនតែប៉ុណ្ណោះ អ៉ីស្រាអែលក៏ហាក់កំពុងតែត្រៀម បើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំផងដែរ ដោយបានបង្គាប់ឱ្យប្រជាជននៅដែនដីប៉ាឡេស្ទីនមួយនោះ ជម្លៀសខ្លួនចេញពីភាគខាងជើងទៅកាន់ភាគខាងត្បូងជាបន្ទាន់។

លោកប្រមុខការទូតអ៉ីរ៉ង់បានលើកឡើងដូច្នេះថា «អាមេរិកចង់ផ្តល់ឱកាសឱ្យអ៉ីស្រាអែលកម្ទេច Gaza ហើយនេះគឺជាកំហុសដ៏ធ្ងន់មួយ។ ប្រសិនបើអាមេរិក ចង់ទប់ស្កាត់ការផ្ទុះជាសង្រ្គាមធំក្នុងតំបន់ ពួកគេត្រូវតែគ្រប់គ្រងអ៉ីស្រាអែល»។ ទោះបីជាទីក្រុងតេហេរ៉ង់ បានផ្តល់ការគាំទ្រជាយូរមកហើយដល់ក្រុមហាម៉ាសក៏ដោយ ក្រុមមន្រ្តីព្រមទាំងមេដឹកនាំកំពូលអ៉ីរ៉ង់ បានអះអាងថា ប្រទេសរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារកាលពីចុងសប្តាហ៍មុន របស់ហាម៉ាសលើអ៉ីស្រាអែលឡើយ។

ក្នុងការព្យាយាមទប់ស្កាត់សង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស កុំឱ្យរីករាលដាលចូលប្រទេសលីបង់ ក្រោយភាពតានតឹងនៅព្រំដែនប៉ុន្មាន​ថ្ងៃចុងក្រោយនេះ លោក អាមៀអាប់ដូឡាហៀន បានធ្វើដំណើរមកដល់ទីក្រុងបេរូត កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឆ្លៀតចូលទស្សនកិច្ចនៅឯ​ទីក្រុងបាកដាដនៃប្រទេសអ៉ីរ៉ាក់។ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីលីបង់ លោក អាមៀអាប់ដូឡាហៀន បាននិយាយថា សន្តិសុខព្រមទាំង​សន្តិភាពរបស់លីបង់ គឺមានសារសំខាន់ចំពោះអ៉ីរ៉ង់ ហើយគោលដៅមួយនៃដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីសង្កត់ធ្ងន់ពីសន្តិសុខ​របស់ប្រទេសលីបង់។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ លោករដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ក៏បានជួបមេដឹកនាំក្រុមហេសបូឡា (Hezbollah) ដ៏មានឥទ្ធិពលនៅលីបង់ ថែមទៀតផង។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អំលុងការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស អ៉ីស្រាអែលក៏បានបាញ់ផ្លោងតតាំងជាមួយក្រុម Hezbollah នៅលីបង់ផងដែរ ប៉ុន្តែការវាយប្រហារដាក់គ្នានោះ គឺមានកម្រិតតូចប៉ុណ្ណោះ៕

">

រូបភាពពី Reuters