(ហ្កាហ្សា)៖ ក្រុមហាម៉ាសប៉ាឡេស្ទីន បានអះអាងនៅថ្ងៃសុក្រនេះថា ចំណាប់ខ្មាំងជាជនជាតិអ៉ីស្រាអែល និងជនបរទេសដទៃទៀតសរុបយ៉ាងហោច១៣នាក់ បានបាត់បង់ជីវិតនៅដែនដី Gaza Strip ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នារយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។
ក្រុមហាម៉ាសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អ្នកទោសសរុប១៣នាក់ ក្នុងនោះមានទាំងជនបរទេស ត្រូវបានសម្លាប់នៅទីតាំងចំនួន៥កន្លែង ដែលត្រូវបានកំណត់គោលដៅ ដោយក្រុមយន្តហោះចម្បាំងអ៉ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ចំណាប់ខ្មាំង៦នាក់បានស្លាប់ ក្នុងការវាយប្រហារចំលើទីតាំង២កន្លែងដាច់ដោយឡែកពីគ្នា នៅតំបន់ Northern Gaza ហើយ៧នាក់ទៀតបានបាត់បង់ជីវិត ក្នុងការវាយប្រហារចំ ទីតាំង៣កន្លែងនៅទីក្រុង Gaza City។
គួរបញ្ជាក់ថា ក្នុងការឆ្មក់ចូលលុកលុយទ្រង់ទ្រាយធំកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ខ្មាន់កាំភ្លើងហាម៉ាសជាច្រើននាក់ បានសម្រុកចូលសហគមន៍និងក្រុងនានារបស់អ៉ីស្រាអែល ដែលស្ថិតនៅក្បែរព្រំប្រទល់ Gaza Strip ក្នុងការវាយប្រហារមួយ ដែលបានឆក់ជីវិតមនុស្សជាង១,២០០នាក់។ អ៉ីស្រាអែលបានអះអាងថា ក្រុមហាម៉ាស បានចាប់មនុស្សប្រហែល១៥០នាក់ យកទៅធ្វើជាចំណាប់ខ្មាំង រួមមានទាំងជនស៉ីវិលនិងកងកម្លាំងសន្តិសុខ។ បើតាមយោធាអ៉ីស្រាអែល កងទ័ពរបស់ខ្លួនយ៉ាងហោច២៥៨នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។
រយៈពេលប្រមាណមួយសប្តាហ៍មកនេះ អ៉ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស យ៉ាងក្តៅគគុកទៅលើ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងជាកន្លែងជ្រកកោនរបស់ប្រជាជនប៉ាឡេស្ទីន២.៤លាននាក់។ ការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សជាង១,៥០០នាក់ ដែលបើតាមក្រុមហាម៉ាស ក្នុងនោះមាន៥០០នាក់ជាកុមារ។ យោធាអ៉ីស្រាអែលនៅថ្ងៃសុក្រនេះ បានទុក២៤ម៉ោងឱ្យប្រជាជននៅតំបន់ Gaza Strip ជម្លៀសចេញពីភាគខាងជើងទៅកាន់ភាគខាងត្បូង ដែលជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ វាយលុកចូល Gaza Strip ក្នុងពេលឆាប់ៗនេះ៕
">រូបភាពពី Reuters