(ម៉ានីល)៖ យោងតាមឯកសារផ្លូវការដែលបង្ហាញនៅថ្ងៃសុក្រនេះ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានសម្រេចលុបចោល ថ្ងៃឈប់សម្រាកសាធារណៈមួយ ដែលអបអរខួបចលនាបដិវត្តន៍ ដែលបានផ្តួលរំលំឪពុករបស់លោក ដែលជាមេដឹកនាំផ្តាច់ការ ឱ្យធ្លាក់ពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។
ចលនាបដិវត្តន៍ «អំណាចប្រជាជន ឬ People Power» ដែលគាំទ្រដោយយោធា កាលពីខែកុម្ភៈ ឆ្នាំ១៩៨៦ បានបិទបញ្ចប់របបដឹកនាំបែបផ្តាច់ការរបស់លោក ហ្វឺឌីណាន់ ម៉ាកូស ស៉ីនៀ (Ferdinand Marcos Sr) ហើយបានបង្ខំឱ្យគ្រួសាររបស់លោក ត្រូវនិរទេសទៅកាន់រដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក។ ក្រុមអ្នករិះគន់បានចាត់ទុក របបដឹកនាំផ្តាច់ការរបស់លោក ម៉ាកូស ស៉ីនៀ ជាសម័យកាលខ្មៅងងឹតមួយ ពោរពេញដោយ ការរំលោភបំពានសិទ្ធិមនុស្សនិងអំពើពុករលួយ ដែលបានធ្វើឱ្យប្រទេសស្ថិតក្នុងសភាពក្រីក្រ។
ថ្ងៃទី២៥ ខែកុម្ភៈ ត្រូវបានប្រកាសជា «ថ្ងៃបុណ្យជាតិពិសេស» កាលពីឆ្នាំ២០០០ ដោយអតីតប្រធានាធិបតីហ្វីលីពីន លោក Joseph Estrada។ ក្រុមសកម្មជនសិទ្ធិមនុស្ស តែងតែរៀបចំការប្រមូលផ្តុំនៅថ្ងៃនោះ ដើម្បីអបអរខួបនៃការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា លោក ម៉ាកូស ជូនៀ បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០២២ ហើយមនុស្សភាគច្រើនរំពឹងថា រូបលោកនឹងលុបចោលថ្ងៃបុណ្យជាតិខាងលើភ្លាមៗ ក្រោយពេលស្បថចូលកាន់តំណែងជាផ្លូវការ។ ប៉ុន្តែលោក ម៉ាកូស បានលើកបុណ្យជាតិនោះ ទៅថ្ងៃទី២៤ ខែកុម្ភៈ វិញសម្រាប់ឆ្នាំនេះ។ យ៉ាងណាក្តី យោងតាមសេចក្តីប្រកាសថ្មីមួយរបស់ប្រធានាធិបតី ដែលចែងអំពីថ្ងៃបុណ្យជាតិឈប់សម្រាក សម្រាប់ឆ្នាំ២០២៤ ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែតុលា និងចេញផ្សាយនៅថ្ងៃសុក្រនេះ គឺពុំមានការលើកឡើងអ្វីទាំងអស់ អំពីថ្ងៃខួបបដិវត្តន៍ឆ្នាំ១៩៨៦៕
">
រូបភាពពី AFP