(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះកូរ៉េខាងជើងបានចេញមុខបដិសេធ ចំពោះពាក្យចចាមអារ៉ាមដែលថា អាវុធរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយ ក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងការវាយប្រហារលើអ៉ីស្រាអែល ហើយនិយាយថា ការអះអាងធ្វើឡើងក្នុងសេចក្តីរាយការណ៍របស់​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន គឺជាចេតនារបស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបង្វែរការទម្លាក់កំហុសនៃជម្លោះចេញពីខ្លួនឯង ទៅលើប្រទេសទី៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសប្តាហ៍នេះ ក្រុមអ្នកជំនាញផ្នែកយោធាបាននាំគ្នានិយាយថា រូបភាពនៃការវាយប្រហារបានបង្ហាញឱ្យឃើញ ជនសកម្មប្រយុទ្ធរបស់ Hamas ទំនងជាប្រើប្រាស់អាវុធរបស់កូរ៉េខាងជើង ដែលអាចរួមមានទាំងរ៉ុក្កែតបាញ់ពីលើស្មា (RPG) F-7។ លោក Bruce Bechtol ​សាស្រ្តាចារ្យម្នាក់នៅសាកលវិទ្យាល័យ Angelo State University ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ដែលបានសិក្សាស្រាវជ្រាវ អំពី​ការលក់សព្វាវុធរបស់កូរ៉េខាងជើង បានអះអាងថា ធ្លាប់មានសេចក្តីរាយការណ៍ប៉ុន្មានឆ្នាំមកហើយអំពីក្រុម Hamas ប្រើប្រាស់ RPG F-7។ រ៉ុក្កែត RGP នេះ ព្រមទាំងមីស៉ីលប្រឆាំងរថក្រោះ Bulsae-2 របស់កូរ៉េខាងជើង ក៏ត្រូវបានគេមើលឃើញ ប្រើប្រាស់ដោយក្រុម Hamas អំលុងការប៉ះទង្គិចគ្នាកាលពីឆ្នាំ២០២១ផងដែរ បើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវ នាពេលនោះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានហៅការអះអាងអំពីអាវុធរបស់កូរ៉េខាងជើង ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់ក្រុម Hamas ថា ជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាននិងមិនពិត។ KCNA បានលើកឡើងយ៉ាងដូច្នេះថា «វាគ្មានអ្វីក្រៅតែពីជា ​ការប៉ុនប៉ងបង្វែរការទម្លាក់កំហុសនៃវិបត្តិមជ្ឈិមបូព៌ាដែលបង្កឡើងដោយ គោលនយោបាយអនុត្តរភាពមិនត្រឹមត្រូវរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសទី៣នោះទេ ដើម្បីគេចវេះពីការថ្កោលទោសរបស់អន្តរជាតិ»។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា រូបលោកមិនបានបញ្ជាក់ច្បាស់ឡើយ ជុំវិញសេចក្តីរាយការណ៍ព័ត៌មាន ស្តីអំពីប្រភពដើមនៃរ៉ុក្កែត ដែលត្រូវបានប្រើប្រាស់ដោយក្រុម Hamas។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានចេញមុខទម្លាក់កំហុសលើអ៉ីស្រាអែលផងដែរ សម្រាប់ការបង្ហូរឈាម​នៅតំបន់ Gaza។ ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីនដ៏ក្តៅគគុកថ្មីចុងក្រោយនេះ បានចាប់ផ្តើមឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅពេលក្រុម Hamas បានឆ្មក់បើកការវាយប្រហារដ៏ប្រល័យបំផុត ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសអ៉ីស្រាអែល៕

">

រូបភាពពី Reuters