(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុង Gaza City នៃតំបន់ Gaza Strip ចាកចេញពីផ្ទះសម្បែង ហើយជម្លៀសខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ខណៈ​វាគឺជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ វាយលុកចូលដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងពេលឆាប់ៗ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងអំពាវនាវឱ្យមានការជម្លៀសជនស៉ីវិលទាំងអស់នៅទីក្រុង Gaza City ឆ្ពោះទៅភាគខាងត្បូងដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ហើយផ្លាស់ទីទៅកាន់ ភាគខាងត្បូងតំបន់គេហៅថា Wadi Gaza នៃតំបន់ Gaza Strip ដូចដែលបង្ហាញនៅលើផែនទី។ ក្រុម Hamas បានធ្វើសង្រ្គាមប្រឆាំងលើអ៉ីស្រាអែល ហើយ Gaza City គឺជាកន្លែងដែលប្រតិបត្តិយោធា​ប្រព្រឹត្តទៅ។ ការជម្លៀសខ្លួននេះគឺដើម្បីសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាផ្ទាល់។ អ្នកនឹងអាចត្រឡប់មកវិញ លុះត្រាតែនៅពេលមានសេចក្តីប្រកាសថ្មី ដែលអនុញ្ញាតឱ្យធ្វើយ៉ាងដូច្នោះ។ ចូរកុំមកក្បែរតំបន់របងសន្តិសុខជាប់ប្រទេសអ៉ីស្រាអែល»

សេចក្តីថ្លែងការណ៍របស់យោធាអ៉ីស្រាអែល បានបន្តទៀតថា «ក្រុម Hamas កំពុងលាក់ខ្លួននៅទីក្រុង Gaza City តាមរូងក្រោមដីដែលនៅក្រោមផ្ទះ និងតាមអគារដែលរស់នៅដោយប្រជាជនប៉ាឡេស្ទីនស្លូតត្រង់។ ជនស៉ីវិលទាំងអស់នៃទីក្រុង Gaza City សូមជម្លៀស​ខ្លួនទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់អ្នកនិងគ្រួសារអ្នក ហើយនៅឱ្យឆ្ងាយពីក្រុម Hamas ដែលកំពុងប្រើប្រាស់ អ្នកធ្វើជាខែល​សម្រាប់ការពារខ្លួនពួកគេ។ ប៉ុន្មានថ្ងៃខាងមុខនេះ កងកម្លាំងការពារជាតិអ៉ីស្រាអែល នឹងបន្តធ្វើប្រតិបត្តិការយ៉ាងខ្លាំងក្លានៅទីក្រុង Gaza City ហើយទន្ទឹមគ្នា នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ជនស៉ីវិល»

ក្នុងថ្ងៃដដែលនេះ អង្គការសហប្រជាជាតិ (UN) ក៏បានឱ្យដឹងដែរថា ខ្លួនទទួលបានការជូនដំណឹងពីយោធាអ៉ីស្រាអែល កាលពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃព្រហស្បតិ៍ថា មនុស្សប្រមាណ១.១លាននាក់ នៅភាគខាងជើងតំបន់ Wadi Gaza នៃដែនដីប៉ាឡេស្ទីន Gaza Strip គួរតែផ្លាស់ទីទៅកាន់ភាគខាងត្បូង ក្នុងរយៈពេល២៤ម៉ោង។ តំបន់នៅភាគខាងជើង Wadi Gaza គឺរួមមានទាំង Gaza City ដែលជាទីក្រុងធំជាងគេរបស់តំបន់ Gaza Strip ផងដែរ។ UN បានស្នើឱ្យអ៉ីស្រាអែលលុបចោលបញ្ជា​ជម្លៀសខ្លួននោះវិញ ដោយព្រមានពីផលវិបាកផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានឆ្មក់ចូលវាយប្រហារនិងសម្លាប់មនុស្សជាង១,២០០នាក់ ហើយចាប់ចំណាប់ខ្មាំងប្រមាណ១៥០នាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អ៉ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើការទម្លាក់គ្រាប់បែកឥតឈប់ឈរទៅលើតំបន់ Gaza Strip ដែលជាមូលដ្ឋានរបស់ក្រុម Hamas និងមានប្រជាជនប៉ាឡេស្ទីនរស់នៅសរុបចំនួន២.៣លាននាក់។ ការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សជាង១,៥០០នាក់នៅ Gaza ហើយយោធាអ៉ីស្រាអែល ក៏ហាក់កំពុងតែត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការជើងគោកផងដែរ ខណៈសព្វាវុធផ្សេងៗ រួមជាមួយកងទ័ព​រាប់សែននាក់ ត្រូវបានដាក់ពង្រាយនៅក្បែរព្រំប្រទល់តំបន់ Gaza Strip៕

">

រូបភាពពី Reuters