(ហ្កាហ្សា)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនប៉ាឡេស្ទីនសរុបកើនដល់ជាង ៤២៣,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងតំបន់ Gaza Strip បន្ទាប់ពីអ៉ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាលើតំបន់នេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុម Hamas។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។
ទីភ្នាក់ងារសម្របសម្រួលការងារមនុស្សធម៌ ហៅកាត់ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា ចំនួនអ្នកដែលបានរត់ភៀសខ្លួនពីផ្ទះសម្បែង នៅក្នុងតំបន់ Gaza បានកើន៨៤,៤៤៤នាក់ថែមទៀត ជាហេតុនាំឱ្យតួលេខសរុបឡើងដល់៤២៣,៣៧៨នាក់។ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានឆ្មក់ចូលវាយប្រហារនិងសម្លាប់មនុស្សជាង១,២០០នាក់ ហើយចាប់ចំណាប់ខ្មាំងប្រមាណ១៥០នាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អ៉ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើការទម្លាក់គ្រាប់បែកឥតឈប់ឈរទៅលើតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុម Hamas និងមានប្រជាជនប៉ាឡេស្ទីននៅចំនួន២.៣លាននាក់។ ការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សជាង១,៥០០នាក់នៅ Gaza ហើយយោធាអ៉ីស្រាអែល ក៏ហាក់កំពុងតែត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការជើងគោក ផងដែរ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ OCHA ប្រជាជនប៉ាឡេស្ទីនជាង២៧០,០០០នាក់ ដែលស្មើនឹង២ភាគ៣នៃចំនួនអ្នករត់ភៀសខ្លួនសរុប បាននាំគ្នាទៅជ្រកកោននៅតាមសាលារៀនរបស់ទីភ្នាក់ងារ UN គាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ថា UNRWA។ ចំណែក ជិត២៧,០០០នាក់ បានរត់ទៅកាន់សាលារៀនរបស់អាជ្ញាធរប៉ាឡេស្ទីន (Palestinian Authority) ខណៈជាង១៥៣,០០០នាក់ផ្សេងទៀត បានទៅជ្រកកោនជាមួយសាច់ញាតិនិងអ្នកជិតខាង និងនៅតាមកន្លែងមណ្ឌលសាធារណៈដទៃទៀត។ OCHA បានប្រាប់ថា មុនការវាយប្រហាររបស់ក្រុម Hamas លើអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ មានមនុស្សប្រហែល៣,០០០នាក់ បានស្ថិតក្រោមការភៀសខ្លួនរួចជាស្រេច នៅតំបន់ Gaza។
ជាមួយគ្នានេះ យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ក៏បានកម្ទេចអគារសម្រាប់ស្នាក់នៅ និងមិនសម្រាប់ស្នាក់នៅសរុប៧៥២ខ្នង ថែមទៀតផង ដែលផ្ទុកផ្ទះសម្បែងសរុបចំនួន២,៨៣៥ខ្នង។ ក្រៅពីនេះ លំនៅឋានជិត ១,៨០០ខ្នងផ្សេងទៀត បានរងការខូចខាតនៅក្នុងកម្រិតជួសជុលលែងកើត និងមិនអាចបម្រើជាកន្លែងស្នាក់នៅតទៀតបាន។ លើសពីនេះ មជ្ឈមណ្ឌលអប់រំយ៉ាងហោច៩០កន្លែង ក្នុងនោះរួមមាន សាលារៀនរបស់ UNRWA ២០ខ្នង និងសាលារៀនរបស់អាជ្ញាធរប៉ាឡេស្ទីន៧០ខ្នង ក៏បានរងការខូចខាតផងដែរ ហើយមួយខ្នងត្រូវបានបំផ្លាញទាំងស្រុង៕
">
រូបភាពពី Reuters