(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអះអាងថា ខ្លួនបានទម្លាក់គ្រាប់បែកសរុបប្រមាណជា៦,០០០គ្រាប់ គិតជាទម្ងន់ស្មើនឹង៤,០០០តោន ទៅលើតំបន់ Gaza Strip គិតចាប់តាំងពីការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០២៣។
យោងតាមអាជ្ញាធរប៉ាឡេស្ទីន យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងកម្រិតដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាននេះ បានសម្លាប់មនុស្សយ៉ាងហោចជាង១,៥០០នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្នុងនោះប្រហែលពាក់កណ្តាលគឺជាស្រ្តីនិងកុមារ ហើយបានបង្កឱ្យរបួសច្រើនជាង៦,០០០នាក់ផ្សេងទៀត។ ទន្ទឹមគ្នានេះ បញ្ហាដាច់ចរន្តអគ្គិសនីដែលបង្កឡើង ដោយសារវិធានការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែល ចំពោះតំបន់ Gaza ដែលបានញ៉ាំងឱ្យមានការថ្កោលទោសក៏ដូចជាការអំពាវនាវ ពីសំណាក់ក្រុមសិទ្ធិមនុស្សអន្តរជាតិ ឱ្យមានចំណាត់ការជាបន្ទាន់ ខណៈមន្ទីរពេទ្យនៅ Gaza កំពុងប្រឈមហានិភ័យប្រែក្លាយទៅជាកន្លែងផ្ទុកសាកសព។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ អ៉ីស្រាអែលបានទទួលរងការឆ្មក់វាយប្រហារ ក្នុងទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើលបំផុត ពីសំណាក់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សយ៉ាងហោចជាង ១,២០០នាក់។ ប៉ុន្មានថ្ងៃមកនេះ យោធាអ៉ីស្រាអែលបានធ្វើការវាយប្រហារ តាមផ្លូវអាកាសឥតឈប់ឈរទៅលើតំបន់ Gaza មុនអាចកើតមានប្រតិបត្តិការវាយលុកតាមជើងគោក ចូលទៅដែនដីប៉ាឡេស្ទីនមួយនោះ។ អ៉ីស្រាអែលបានប្តេជ្ញាថា នឹងមិនស្តារអគ្គិសនី ឬអនុញ្ញាតឱ្យធនធានចាំបាច់ផ្សេងៗ ព្រមទាំងជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ Gaza Strip ឡើយ រហូតទាល់តែក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងប្រហែល១៥០នាក់ ដែលពួកគេបានចាប់យកទៅ អំលុងការចូលលុកលុយវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍៕
">
រូបភាពពី AFP