(ព្រុចសែល)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា យោធាអាមេរិកមិនកំណត់លក្ខខណ្ឌណាមួយឡើយ លើការផ្តល់ជំនួយផ្នែកសន្តិសុខរបស់ខ្លួន ទៅកាន់អ៉ីស្រាអែល ហើយទីក្រុងវ៉ាស៉ីនតោនរំពឹងថា យោធាអ៉ីស្រាអែលនឹងធ្វើរឿងត្រឹមត្រូវ ក្នុងសង្រ្គាមប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស (Hamas)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។
សហរដ្ឋអាមេរិកបាននិងកំពុងរួសរាន់បញ្ជូន ប្រព័ន្ធការពារដែនអាកាស ព្រមទាំងគ្រាប់រំសេវផ្សេងៗឱ្យអ៉ីស្រាអែល ខណៈអ៉ីស្រាអែល កំពុងបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាននៅក្នុងជម្លោះរយៈពេល រាប់ទសវត្សរ៍របស់ខ្លួនជាមួយប៉ាឡេស្ទីន ទៅលើតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip)។ អ៉ីស្រាអែលបានប្តេជ្ញាមុតមាំថា នឹងកម្ទេចក្រុមហាម៉ាសទាំងស្រុង ដែលគ្រប់គ្រងតំបន់ Gaza Strip បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីចុងសប្តាហ៍កន្លងទៅ។
ថ្លែងនៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ (NATO) ក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក លោក Austin បាននិយាយថា «ពាក់ព័ន្ធនឹងលក្ខខណ្ឌ ដែលយើងអាចដាក់លើការផ្តល់ជំនួយផ្នែកសន្តិសុខ ដែលយើងកំពុងផ្តល់ឱ្យអ៉ីស្រាអែល គឺពួកយើងមិនបានដាក់លក្ខខណ្ឌអ្វីទាំងអស់ ជុំវិញការផ្តល់ជំនួយនេះ។ យោធាអ៉ីស្រាអែលមានវិជ្ជាជីវៈត្រឹមត្រូវ និងដឹកនាំដោយដោយថ្នាក់ដឹកនាំមានវិជ្ជាជីវៈ ហើយយើងសង្ឃឹមនិងរំពឹងថា ពួកគេនឹងធ្វើរឿងត្រឹមត្រូវ នៅក្នុងការអនុវត្តប្រតិបត្តិការយោធារបស់ពួកគេ»។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងតែលអាវីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញសាមគ្គីភាព បានប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា សហរដ្ឋអាមេរិកនឹងតែងតែឈរនៅខាងអ៉ីស្រាអែលជានិច្ច។
គួរបញ្ជាក់ថា ចាប់តាំងតែពីការវាយប្រហាររបស់ក្រុម Hamas មក យោធាអាមេរិកបានព្យាយាមកំញើញ គូសត្រូវដទៃទៀតរបស់អ៉ីស្រាអែលនៅក្នុងតំបន់ តាមរយៈការបញ្ជូនសព្វាវុធខ្លាំងៗរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា រួមមានទាំងកងនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ដែលបានទៅដល់សមុទ្រមេឌីទែរ៉ាណារួចហើយ។ បន្ថែមពីនេះ សហរដ្ឋអាមេរិក ក៏បានពង្រឹងវត្តមានយន្តហោះចម្បាំង ដូចជា F-35, F-15, F-16 និង A-10 នៅក្នុងតំបន់ផងដែរ៕
">
រូបភាពពី Reuters