(ហ្កាហ្សា)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ថ្ងៃទី៦ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលានេះ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរបាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា បានកើនដល់ជាង ១,២០០នាក់ហើយ និងជាង ៥,៦០០នាក់បានរងរបួស។ យោធាអ៉ីស្រាអែលវិញបានឱ្យដឹងថាមនុស្សយ៉ាងហោច ១,២០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ ក្រុមហាម៉ាស ហើយក្នុងចំណោមអ្នកទាំងនេះមាន ១៨៩នាក់ជាទាហានអ៉ីស្រាអែល ខណៈមនុស្សជាច្រើននាក់ត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង។

ក៏ប៉ុន្តែ ហេតុអ្វីបានជាក្រុមហាម៉ាស ត្រូវបើកការវាយប្រហារលើអ៉ីស្រាអែល ក្នុងពេលឥលូវនេះ? បើតាមក្រុមអ្នកវិភាគ ការវាយប្រហារបស់ក្រុមហាម៉ាសមានកត្តាជំរុញ ចំនួន៣៖ ទីមួយ៖ នោះគឺដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបង្កើន ការសាងសង់ទីលំនៅខុសច្បាប់សម្រាប់ជនជាតិជី្វហ្វនៅក្នុងតំបន់ West Bank និងការកើនឡើងអំពើហិង្សានៅ Jerusalem ដែលបង្កជាការខឹងសម្បារនៅក្នុងចំណោម ប្រជាជនប៉ាឡេស្ទីនកាន់តែច្រើនឡើងទាមទារឱ្យមានប្រតិកម្មតបតទៅវិញ។ ព្រមពេលជាមួយគ្នា ការកើនឡើងភាពតានតឹងក្នុងតំបន់ West Bank បង្កឡើងដោយ គោលនយោបាយរដ្ឋាភិបាលស្ដាំនិយមជ្រុករបស់លោក Netanyahu បានតម្រូវឱ្យមានការផ្លាស់ប្ដូរកងកម្លាំងអ៉ីស្រាអែលចេញពីតំបន់ភាគខាងត្បូង ទៅកាន់តំបន់ ភាគខាងជើងនៃតំបន់ West Bank វិញ ដើម្បីការពារនិគមជនជ្វីហ្វ។ ម្លោះហើយនេះបានផ្ដល់ហេតុផល និងឱកាសសម្រាប់ក្រុមហាម៉ាសបើកការវាយប្រហារលើ អ៉ីស្រាអែល។

ទី២៖ មេដឹកនាំក្រុមហាម៉ាស មានអារម្មណ៍ថាខ្លួនត្រូវបានបង្ខំឱ្យបើកការវាយប្រហារលើអ៉ីស្រាអែលក្នុងពេលនេះ ដោយសារតែការរីកចម្រើនទៅមុខនៃកិច្ចចរចាផ្សះផ្សារ ទំនាក់ទំនងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ ពោលគឺការវាយប្រហាររបស់ហាម៉ាស់ មួយផ្នែកធំគឺដើម្បីរារាំងដំណើរការខិតជិតគ្នារវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ សម្រាប់ក្រុមហាម៉ាស ការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែលមានឈ្មោះថា «abraham accords» ដោយអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន កាលពីឆ្នាំ២០២០ ក្រោមការសម្របសម្រួលដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២០ បានធ្វើឱ្យសាបរលាបនូវ «បុព្វហេតុប៉ាឡេស្ទីន» នៅក្នុងគំនិតថ្នាក់ ដឹកនាំអារ៉ាប់ដែលគេមើលឃើញថាលែងសូវដាក់សម្ពាធលើអ៉ីស្រាអែលដូចមុនៗ។ ដូច្នេះហើយ ក្នុងគិតរបស់ក្រុមហាម៉ាស ប្រសិនបើទំនាក់ទំនងរវាងអ៉ីស្រាអែល​ និងអារ៉ាប៊ីសាអូឌីត ត្រឡប់ទៅរកភាពប្រក្រតីពិតមែន នោះវានឹងក្លាយជាចំណុចរបត់ថ្មីមួយនៅក្នុងជម្លោះរវាងអារ៉ាប់ និងអ៉ីស្រាអែល ដែលអាចនឹងនាំទៅរកការកាត់បន្ថយ ឱកាសនៃ «ដំណោះស្រាយរដ្ឋ ២»។

ទី៣៖ ក្រុមហាម៉ាស មានភាពក្លាហានវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល នៅបន្ទាប់ពីពួកគេបានជួសជុលទំនាក់ទំនងជាមួយអ៉ីរ៉ង់ឱ្យល្អប្រសើរឡើង។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះ ចលនាហាម៉ាស បានសើរើឡើងវិញនូវគោលនយោបាយរបស់ខ្លួន ដែលធ្លាប់ប្រកាន់ភ្ជាប់កន្លងមក អំឡុងបដិវត្តន៍អារ៉ាប់ ឆ្នាំ២០១១ ដែលប្រឆាំងនឹងអ៉ីរ៉ង់ ក៏ដូចជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់គឺស៊ីរី។ មេដឹកនាំក្រុមហេសប៊ូលឡា លីបង់ លោក ហាសាន់ ណាស្រល់ឡោះ (Hassan Nasrallah) បាននិយាយថាលោកផ្ទាល់បានចូលរួម ចំណែកក្នុងការស្ដារទំនាក់ទំនងរវាងហាម៉ាស និងរបបដឹកនាំស៊ីរីសព្វថ្ងៃ។ តួយ៉ាង ប្រតិភូហាម៉ាសមួយក្រុមបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដាម៉ាស កាលពីខែតុលា ឆ្នាំ២០២២ ហើយនាយកការិយាល័យនយោបាយក្រុមហាម៉ាស លោក អ៉ីស្មាអែល ហានីយ៉េស (Ismail Haniyeh) បានធ្វើដំណើរទៅកាន់ទីក្រុងបេរូត ប្រទេសលីបង់ កាលពីខែមេសា និងទីក្រុងតេហេរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៣នេះ។ កាលពីខែកញ្ញាកន្លងទៅនេះ លោក ណាស្រល់ឡោះ ក៏បានទទួលស្វាគមន៍អគ្គលេខាធិការចលនា ប៉ាឡេស្ទីនអ៉ីស្លាមជីហាដ (Palestinian Islamic Jihad) លោក ហ្ស៉ីយ៉ាត់ អាល់ ណាខាឡាត់ (Ziad al-Nakhalah) និងអនុប្រធានការិយាល័យនយោបាយរបស់ ក្រុមហាម៉ាស លោក សាឡេះ អាល់ អារ៉ូរី (Saleh al-Arouri)។

គួរបញ្ជាក់ថា អ៉ីស្រាអែល កំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា និងបានកែនកងទ័ពបម្រុងជាង ៣សែននាក់ ដែលសារព័ត៌មានមួយចំនួនធំ រាយការណ៍ថានេះជាការត្រៀមលក្ខណៈធ្វើសង្រ្គាមជើងគោកវាយលុកចូលតំបន់ហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu ក៏បានសន្យាកម្ទេចក្រុមហាម៉ាស ទាំងស្រុងផងដែរ៕