(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសន្យាក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១២ ខែតុលា) ថា សហរដ្ឋអាមេរិកនឹង «គាំទ្រជានិច្ច» ចំពោះអ៊ីស្រាអែល ប៉ុន្តែបាននិយាយថា ប៉ាឡេស្ទីនក៏មាន «សេចក្តីប្រាថ្នាស្របច្បាប់» ដែលមិនត្រូវបានតំណាងដោយចលនាហាម៉ាសប្រដាប់អាវុធឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

កងទ័ពអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាស និងកាំភ្លើងធំលើគោលដៅ របស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សារយៈពេលប្រាំមួយថ្ងៃមកហើយ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេ ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១,២០០ នាក់ និងបានចាប់ចំណាប់ខ្មាំងប្រហែល ១៥០នាក់ ។

លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដូច្នេះថា «អ្នកអាចនឹងមានអំណាចគ្រប់គ្រាន់ដើម្បីការពារខ្លួន។ ប៉ុន្តែដរាបណាអាមេរិកនៅមាន អ្នកនឹងមិនចាំបាច់ធ្វើវាទេ។ យើងនឹងនៅទីនេះសម្រាប់អ្នកជានិច្ច»

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបន្ថែមថា «អ្នកណាក៏ដោយដែលចង់បានសន្តិភាព និងយុត្តិធម៌ ត្រូវតែថ្កោលទោសដល់​ការ​គ្រប់គ្រង​របស់​ក្រុម​ភេរវជន​ហាម៉ាស»

ទន្ធឹមនឹងនេះ លោក Netanyahu បានសម្តែងការកោតសរសើរ ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប គួរតែត្រូវបានគេចាត់ទុកដូចជាក្រុមរដ្ឋអ៊ីស្លាមផងដែរ។

គួរបញ្ជាក់ថា បើយោងតាមប្រភពកងទ័ពបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ១,៣៥០ នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបានបំផ្លាញអគារលំនៅដ្ឋានទាំងមូល និងបានបំផ្លាញអគាររាប់ពាន់ផ្សេងទៀត ខណៈដែលក្រុមហាម៉ាសបានបាញ់រ៉ុក្កែតជាង ៥,០០០ គ្រាប់ទៅកាន់អ៊ីស្រាអែល។

នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងតែលអាវីវ ដើម្បីបង្ហាញពីការសាមគ្គីភាព ក្រោយការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន នៅអ៉ីស្រាអែលកាលពីចុងសប្តាហ៍មុន៕

">

រូបភាពពី AFP