(តូក្យូ)៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសជប៉ុន បានព្រមានប្រទេសម្ចាស់ផ្ទះនៅថ្ងៃព្រហស្បតិ៍នេះ ឱ្យមានការប្រុងប្រយ័ត្ន ដោយពិនិត្យមើលទៅលើអ្វីដែលក្រុមហាម៉ាសកំពុងធ្វើ ជាមួយនឹងជំនួយដែលជប៉ុនកំពុងផ្តល់ដល់ប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
លោក Gilan Cohen បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយដូច្នេះថា «ប្រទេសជប៉ុនគួរតែមានការប្រុងប្រយ័ត្ន និងពិនិត្យមើលនូវអ្វីដែលក្រុមហាម៉ាសកំពុងធ្វើ ជាមួយនឹងជំនួយរបស់ខ្លួន»។
ទោះជាយ៉ាង លោកបានអរគុណដល់ជប៉ុនដែលបានទទួលស្គាល់ថា ការវាយប្រហាររបស់ក្រុមហាម៉ាសជា «អំពើភេរវកម្ម» និងចំពោះការនិយាយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។
គួរជម្រាបថា ជប៉ុនអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ ដែលនឹងអនុញ្ញាតឱ្យប៉ាឡេស្ទីនក្លាយជារដ្ឋឯករាជ្យនាពេលអនាគត និងបានផ្តល់ជំនួយដល់ប៉ាឡេស្ទីនតាមរយៈកម្មវិធីផ្សេងៗ សរុបប្រមាណ ២.៣ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមឯកសារដែលចេញផ្សាយ ដោយក្រសួងការបរទេសនៅក្នុងខែមិថុនា។
ប្រទេសជប៉ុនបាននាំចូលច្រើនជាង ៩០ ភាគរយ នៃតម្រូវការប្រេងឆៅរបស់ខ្លួនពីមជ្ឈិមបូព៌ា។
ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយនៅថ្ងៃព្រហស្បតិ៍នេះដូច្នេះថា «យើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារភេរវកម្ម ដោយក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដទៃទៀត»។
លោក Matsuno បាននិយាយទៀតថា «ក្នុងពេលជាមួយគ្នានេះ ស្ថានភាពមនុស្សធម៌នៅតំបន់ Gaza Strip កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងកំពុងតាមដានយ៉ាងដិតដល់ នូវស្ថានភាពនៅក្នុងតំបន់ដោយក្តីបារម្ភយ៉ាងខ្លាំង»។
កាលពីថ្ងៃទី ៩ ខែតុលា ប្រទេសជប៉ុនមិនបានចូលរួមក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយសមាជិក G7 ដើម្បីគាំទ្រអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារយ៉ាងសាហាវពីតំបន់ហ្គាហ្សានោះទេ ដោយលើកឡើងពីហេតុផលថា គឺដើម្បីរក្សាភាពបត់បែនក្នុងវិធីសាស្រ្តរបស់ពួកគេ ខណៈពេលដែលមានការសម្របសម្រួលយ៉ាងសកម្មនៅពីក្រោយឆាក៕
">
រូបភាពពី ANJ