(ហ្សេរុយសាឡិម)៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនកំពុងត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការវាយលុកតាមជើងគោក ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស (Hamas) នៅឯតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) ប៉ុន្តែថ្នាក់ដឹកនាំនយោបាយរបស់​ប្រទេសអ៉ីស្រាអែល មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ តុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Richard Hecht បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ពួកយើងកំពុងទន្ទឺងរង់ចាំមើលថា តើថ្នាក់ដឹកនាំនយោបាយរបស់យើង នឹងសម្រេចចិត្តបែបណា អំពីលទ្ធភាពនៃការបើកប្រតិបត្តិការវាយលុកតាមជើងគោក។ រឿងនេះនៅ​មិនទាន់មានការសម្រេចច្បាស់លាស់នៅឡើយទេ ប៉ុន្តែពួកយើងកំពុងតែត្រៀមរៀបចំទុកជាមុន សម្រាប់ប្រតិបត្តិការជើងគោក ប្រសិនបើវា​ត្រូវបានសម្រេចថា នឹងធ្វើឡើង»

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ យោធាអ៉ីស្រាអែលបានដាក់ពង្រាយកងកម្លាំងរាប់សែននាក់ នៅតាមបណ្តោយព្រំប្រទល់តំបន់ Gaza ខណៈ​កំពុងបន្តការវាយប្រហារតាមផ្លូវអាកាស យ៉ាងក្តៅគគុក ទៅលើគោលដៅដែលខ្លួនអះអាងថា ជាទីតាំងហេដ្ឋារចនាសម្ព័ន្ធ មេបញ្ជាការ និងមជ្ឈមណ្ឌលធ្វើប្រតិបត្តិការ របស់ក្រុម Hamas នៅឯតំបន់ Gaza។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល គឺជាការឆ្លើយតបចំពោះការឆ្មក់វាយលុកទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើល របស់អ្នកប្រយុទ្ធ Hamas រាប់ពាន់នាក់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានសម្លាប់មនុស្សច្រើនជាង១,២០០នាក់ នៅអ៉ីស្រាអែល ហើយប្រហែល១៥០នាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ចំណែក យុទ្ធនាការវាយប្រហារផ្លូវអាកាសរបស់អ៉ីស្រាអែល ក៏បានផ្តាច់ជីវិតមនុស្សប្រហែលជាង១,២០០នាក់ដូចគ្នាផងដែរ គិតត្រឹមពេលនេះ នៅក្នុងតំបន់ Gaza៕

">

រូបភាពពី AFP