(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ដូឡាហៀន (Hossein Amirabdollahian) នឹងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមួយ នៅក្នុងតំបន់នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាជម្លោះរវាង​អ៉ីស្រាអែល-ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ លោក អាមៀអាប់ដូឡាហៀន នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ាក់មុន រួចហើយបន្តទៅកាន់ប្រទេសលីបង់។ រីឯឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំលីបង់ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «នៅចំពោះមុខស្ថានការណ៍​បច្ចុប្បន្នពាក់ព័ន្ធប៉ាឡេស្ទីន ព្រមទាំងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តប្រឆាំងតំបន់ Gaza រួមជាមួយផលវិបាកនានាដ៏គ្រោះថ្នាក់ ការបំពេញទស្សនកិច្ច​ក្នុងតំបន់របស់រដ្ឋមន្រ្តីការបរទេសយើង នឹងចាប់ផ្តើមនៅថ្ងៃនេះ»

គួរបញ្ជាក់ថា កាលពីចន្លោះយប់ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ លោកប្រមុខការទូតអ៉ីរ៉ង់ បានជជែកជាមួយសមភាគីអេមីរ៉ាត់អារ៉ាប់រួម ហើយ​បានស្នើឱ្យក្រុមប្រទេសអ៉ីស្លាមនិងអារ៉ាប់ នាំគ្នាផ្តល់ការគាំទ្រឱ្យប្រជាជនប៉ាឡេស្ទីន។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) ក៏បានជួបសន្ទនាតាមទូរស័ព្ទផងដែរ ជាមួយសមភាគីស៉ីរី លោក បាសា អាល់អាស្សាដ (Bashar al-Assad) និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មូហាំម៉ាត់ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman) ដើម្បី​ពិភាក្សាអំពីជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន ហើយបានទទូចឱ្យមេដឹកនាំប្រទេសទាំងពីរ ឈានដល់ការព្រមព្រៀងគ្នា លើគោលជំហរគាំទ្រប្រជាជនប៉ាឡេស្ទីន៕

រូបភាពពី AFP