(តែលអាវីវ)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងតែលអាវីវ ដើម្បីបង្ហាញពីការសាមគ្គីភាព ក្រោយការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន នៅអ៉ីស្រាអែលកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។

លោក Blinken ត្រូវបានទទួលស្វាគមន៍នៅព្រលានយន្តហោះទីក្រុងតែលអាវីវ ដោយរដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក អ៉ីឡាយ ខូហិន (Eli Cohen)។ ក្នុងការអត្ថាធិប្បាយ មុនពេលឡើងយន្តហោះឆ្ពោះមកកាន់ប្រទេសអ៉ីស្រាអែល លោក Blinken បានសង្កត់ធ្ងន់​អំពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់អ៉ីស្រាអែល។ លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន នាពេលនោះយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកឈរពីក្រោយអ៉ីស្រាអែលជានិច្ច។ ពួកយើងគាំទ្រពួកគេទាំងនៅថ្ងៃនេះ និងនៅថ្ងៃស្អែក ពោលគឺគ្រប់ពេលវេលាទាំងអស់។ យើងបានតាំងចិត្តធានាថា អ៉ីស្រាអែលនឹងទទួលបានអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការដើម្បីការពារខ្លួន»

គួរបញ្ជាក់ថា អំលុងទស្សនកិច្ចនេះ លោក Blinken នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ស្របពេលដែលអ៉ីស្រាអែល បាននិងកំពុងបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើមលើតំបន់ Gaza ប្រឆាំងនឹងក្រុម Hamas ជាការសងសឹងចំពោះក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។ ចំណែកនៅថ្ងៃសុក្រស្អែក លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសហ៊្សកដានី ដើម្បីបើកកិច្ចពិភាក្សាជាមួយមេដឹកនាំហ៊្សកដានី និងមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas។ លោក Abbas មានមូលដ្ឋាននៅតំបន់ប៉ាឡេស្ទីនមួយទៀតហៅថា West Bank ខណៈតំបន់ Gaza ស្ថិតក្រោមការគ្រប់គ្រង​របស់ពួក Hamas។ សង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស ប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្សសរុបកើនដល់ប្រហែល ២,៥០០នាក់ហើយ និងរបួសរាប់ពាន់នាក់ផ្សេងទៀត៕

">

រូបភាពពី Reuters