(ប៉េកាំង)៖ បច្ចុប្បន្ននេះ តំណាងដែលមកពីប្រទេសជាង១៣០ និងអង្គការអន្តរជាតិជាង៣០លើពិភពលោក បានបញ្ជាក់ពីការចូលរួមវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី ដែលនឹងបើកធ្វើនៅក្រុងប៉េកាំងនៅខែតុលាខាងមុខនេះ។ ហេតុអ្វីបានជាវេទិកានេះមានប្រជាប្រិយភាពខ្ពស់យ៉ាងនេះ?ពីព្រោះគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានសមិទ្ធផលយ៉ាងស្តុកស្តម្ភនិងប្រាកដប្រជា ដែលនាំមកនូវភាគលាភអភិវឌ្ឍន៍ដល់ពិភពលោកជាបន្តបន្ទាប់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

១០ឆ្នាំមុន លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ” និង“ផ្លូវសូត្រសមុទ្រនៃសតវត្សរ៍ទី២១”។ គិតមកទល់ចុងខែមិថុនាឆ្នាំ២០២៣ ប្រទេសជាង១៥០និងអង្គការអន្តរជាតិជាង៣០ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។ គម្រោងជានិមិត្តសញ្ញាមួយចំនួន ដូចជាផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ ក្រុងបានឌុងនិងកំពង់ផែ Piraeus ជាដើមបានកសាងរួចរាល់និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ចិននិងប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មសេរីចំនួន ២១ច្បាប់ជាមួយប្រទេសនិងតំបន់ចំនួន២៨ ហើយទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបរវាងចិននិងប្រទេស ដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ឡើងដល់១៩,១ទ្រីលានដុល្លារអាមេរិក។ល។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” កាន់តែធំឡើងៗ។

កាលពីថ្ងៃទី១០ខែតុលា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី《រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”៖ការអនុវត្តជាក់ស្តែងដ៏សំខាន់នៃការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ》ដែលបានបង្ហើបពីលេខសម្ងាត់ នៃភាពជោគជ័យរបស់គំនិតផ្តួចផ្តើមនេះ។ ការអភិវឌ្ឍជាកូនសោសរុបសម្រាប់ដោះស្រាយបញ្ហាទាំងអស់។ ការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គឺសមស្របនឹងតម្រូវការរបស់អ្នកផងទាំងពួងចំពោះការអភិវឌ្ឍ វាមិនត្រឹមតែដើម្បីការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏ដើម្បីការអភិវឌ្ឍនៃពិភពលោកផងដែរ ។ គោលបំណងដើមនេះបានផ្តល់ផែនការចិន ដល់ការដោះស្រាយបញ្ហាលំបាកខាងការអភិវឌ្ឍសកល ហើយក៏ជាមូលហេតុផ្ទាល់បំផុត នៃភាពជោគជ័យរបស់គំនិតផ្តួចផ្តើមនេះដែរ។

បើមើលពីការអនុវត្តជាក់ស្តែងនៃការរួមគ្នាកសាងក្នុងរយៈពេល១០ឆ្នាំ កន្លងទៅនេះអាចឃើញថា “ខ្សែក្រវាត់និងផ្លូវ”មិនបង្កើតជាក្រុមសម្ព័ន្ធតូចចង្អៀតដែលបិទជិតនោះទេ តែគឺប្រកាន់ខ្ជាប់ការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។ នេះបានយកឈ្នះលើគំនិតចាស់គំរឹល នៃការប្រកួតប្រជែងភូមិសាស្ត្រ ដែលបានត្រួសត្រាយរូបមន្តថ្មី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” សម្រេចបាននូវការអភិវឌ្ឍប្រកបដោយតុល្យភាព និងគ្រប់ជ្រុងជ្រោយដែលបូករួមទាំងទស្សនៈសហប្រតិបត្តិការ យន្តការសហប្រតិបត្តិការនិងសកម្មភាពជាក់ស្តែង ពោលគឺបានផ្តល់ផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាជននៃប្រទេសនានា ។ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ឆ្លងតាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាជននៃប្រទេសដែលចូលរួមការកសាងនេះ បានបង្កើនការយល់ដឹងនិងផ្លាស់ប្តូរគ្នាទៅវិញទៅមក ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក គំនិតផ្តួចផ្តើមមួយ បានបំផុសភាពកក់ក្តៅរបស់ប្រទេសជាង១៥០ ក្នុងការសម្រេចបាននូវក្តីសុបិនរបស់ខ្លួន ។ ក្នុងបរិបទដែលការប៉ះទង្គិច ខាងភូមិសាស្ត្រនយោបាយកើតឡើងជាបន្តបន្ទាប់ និងសេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ នាពេលបច្ចុប្បន្ននេះ តម្លៃនៃគំនិតផ្តួចផ្តើមនេះគឺកាន់តែលេចធ្លោ ដែលនឹងបើកបង្អួចឱកាសថ្មីសម្រាប់ចិននិងពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន