(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីថាមពលនៃប្រទេសអ៉ីស្រាអែល លោក Israel Katz នៅថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថាប្រទេសរបស់លោក នឹងមិនអនុញ្ញាតឱ្យធនធានចាំបាច់ផ្សេងៗ ឬមួយក៏ជំនួយមនុស្សធម៌អាចចូលទៅកាន់តំបន់ Gaza បានឡើយ រហូតទាល់តែក្រុម Hamas ដោះលែងមនុស្សទាំងអស់ ដែលពួកខ្លួនបានចាប់យកទៅធ្វើជាចំណាប់ខ្មាំង អំលុងការឆ្មក់ចូលវាយប្រហារលើអ៉ីស្រាអែល កាលពីចុងសប្តាហ៍មុន។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។
លោក Katz បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចង់បញ្ជូនជំនួយមនុស្សធម៌ចូលទៅ Gaz ឬ? គ្មានការបើកឡើងវិញជាដាច់ខាត នូវការផ្គត់ផ្គង់អគ្គិសនី ទឹក ឬមួយក៏ប្រេងឥន្ធនៈ រហូតទាល់តែចំណាប់ខ្មាំងទាំងឡាយ ដែលត្រូវបានចាប់យកទៅពីអ៉ីស្រាអែល បានវិលត្រឡប់មកផ្ទះវិញ»។ ពលរដ្ឋអ៉ីស្រាអែល រួមជាមួយជនបរទេស និងអ្នកមានសញ្ជាតិ២ សរុបប្រហែលជា១៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង បញ្ជូនទៅកាន់តំបន់ Gaza Strip ដោយពួកសកម្មប្រយុទ្ធរបស់ Hamas អំលុងការវាយប្រហារទ្រង់ទ្រាយធំមួយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្សលើស១,២០០នាក់ នៅតាមក្រុងនិងសហគមន៍អ៉ីស្រាអែល ដែលស្ថិតនៅក្បែរព្រំប្រទល់ដែនដីប៉ាឡេស្ទីនមួយនេះ។
គួរបញ្ជាក់ថា ជាការឆ្លើយតប យោធាអ៉ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ឥតសំចៃដៃនោះឡើយប្រឆាំងនឹងក្រុម Hamas នៅតំបន់ Gaza Strip ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចជាង១,២០០នាក់ស្លាប់។ អ៉ីស្រាអែលក៏បានប្រកាសវិធានការបិទខ្ទប់តំបន់ Gaza ទាំងស្រុងផងដែរ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ស្បៀងអាហារ ទឹក ព្រមទាំងឥន្ធនៈ ចូលទៅកាន់តំបន់នោះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ស្ថានីយផលិតថាមពលតែមួយគត់ របស់តំបន់ Gaza លែងអាចដំណើរការបានតទៅទៀត បន្ទាប់ពីអស់ឥន្ធនៈ៕
រូបភាពពី AFP