(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈីវ គួចឹង (Chiu Kuo Cheng) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កោះតៃវ៉ាន់បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាមេរៀនអំពីការវាយប្រហារយ៉ាងភ្ញាក់ផ្អើលបំផុត របស់ក្រុមប៉ាឡេស្ទីន ហាម៉ាស (Hamas) ទៅលើប្រទេសអ៉ីស្រាអែល ហើយលោកបានសង្កត់ធ្ងន់ថា ផ្នែកចារកម្មគឺជាកូនសោគន្លឹះដើម្បីទប់ស្កាត់សង្រ្គាម ខណៈដែលដែនកោះនេះកំពុងតែព្យាយាមទប់ទល់ ការគំរាមកំហែងយោធារបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។

លោក Chiu បានប្រាប់ឱ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីតាមដានស្ថានការណ៍នៅអ៉ីស្រាអែល បន្ទាប់ពីត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរ ពីមេរៀនដែលតៃវ៉ាន់បានរៀនសូត្រអំពីជម្លោះរបស់អ៉ីស្រាអែល ជាមួយក្រុម Hamas ដែល​បានផ្ទុះឡើងយ៉ាងក្តៅគគុក ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

លោករដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់បានបន្តថា មេរៀនដំបូងបំផុត គឺការងារផ្នែកស៉ើបការណ៍សម្ងាត់ ជារឿងដ៏សំខាន់ខ្លាំងណាស់។ តាមរយៈ​ចារកម្ម ចំណាត់ការទប់ទល់ជាច្រើន អាចត្រូវរៀបចំទៅបាន ហើយថែមទាំងអាចចៀសវាងសង្រ្គាមទៀតផង។ លោក Chiu បានបន្ថែមថា ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែលនិងហាម៉ាស បានបង្ហាញឱ្យឃើញ ភាពគួរឱ្យភ័យខ្លាចនៃសង្រ្គាម ហើយទោះបីយោធាតៃវ៉ាន់ ប្រឹងប្រែងពង្រឹង​សមត្ថភាពត្រៀមប្រយុទ្ធក៏ដោយ តៃវ៉ាន់មិនរំពឹងចង់ឱ្យផ្ទុះជម្លោះទេ ពោលគឺលោកយល់ថា គ្រប់គ្នាសុទ្ធតែមានក្តីរំពឹងចង់ចៀសវាងសង្រ្គាម​ដូចគ្នា។ ចាប់តាំងពីសង្រ្គាមរុស្ស៉ីនិងអ៊ុយក្រែនផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំមុន តៃវ៉ាន់ក៏បានឃ្លាំមើលយ៉ាងដិតដល់ ដើម្បីព្យាយាមសិក្សាអំពី​មេរៀនផងដែរ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ត្រូវបានប្រទេសចិនចាត់ទុក ជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយនៃទឹកដីរបស់ខ្លួន។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ទាំងផ្នែកយោធានិងនយោបាយពីទីក្រុងប៉េកាំង ក្នុងនោះរួមមានទាំង ការធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំរបស់ចិន នៅក្បែរដែនកោះនេះ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។ ប្រការនេះបានបង្កឱ្យមានការភ័យព្រួយកាន់តែខ្ពស់ អំពីហានិភ័យនៃការផ្ទុះសង្រ្គាមមួយ ដែលនឹងជះផលប៉ះពាល់ជាសកល៕

រូបភាពពី AFP