(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេស របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអះអាងថា អ៉ីស្រាអែលទទួលបានការព្រមានពីអេហ្ស៉ីប អំពីលទ្ធភាពនៃការផ្ទុះឡើងអំពើហិង្សាទ្រង់ទ្រាយធំ នៅ៣ថ្ងៃមុនពេលក្រុមប៉ាឡេស្ទីន ហាម៉ាស (Hamas) បានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។

លោក មីឈែល ម៉ាក់ខូល (Michael McCaul) ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអាមេរិក បានប្រាប់​ក្រុមអ្នកសារព័ត៌មាន ក្រោយទទួលបានរបាយការណ៍ពាក់ព័ន្ធផ្នែកចារកម្ម ស្តីពីវិបត្តិអ៉ីស្រាអែល-ហាម៉ាស យ៉ាងដូច្នេះថា «យើងដឹងថាខាង​អេហ្ស៉ីបបានព្រមានអ៉ីស្រាអែលឱ្យដឹងមុន៣ថ្ងៃថា ព្រឹត្តិការណ៍ដូចពេលនេះអាចនឹងកើតឡើង។ ខ្ញុំមិនចង់និយាយពាក់ព័ន្ធអ្វីច្រើនអំពីខ្លឹមសារ​លម្អិត ដែលជារឿងសម្ងាត់នោះទេ ប៉ុន្តែគឺមានការផ្តល់ការព្រមាន។ ខ្ញុំគិតថាសំណួរគឺនៅត្រង់ថា ការព្រមាននោះត្រូវបានផ្តល់ក្នុងកម្រិតណា»

យ៉ាងណាមិញ ក្នុងថ្ងៃពុធដដែល នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានចាត់ទុក សេចក្តីរាយការណ៍នានា ដែលអះអាងថា អ៉ីស្រាអែលទទួលបានការព្រមានជាក់លាក់ណាមួយជាមុន អំពីផែនការវាយប្រហារដ៏ប្រល័យកាលពីចុងសប្តាហ៍កន្លងទៅ គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង។ អេហ្ស៉ីបដែលមានព្រំប្រទល់ជាប់តំបន់ Gaza ជារឿយៗបានដើរតួនាទីជា អ្នកសម្របសម្រួលជម្លោះរវាងអ៉ីស្រាអែលនិង Hamas។

គួរបញ្ជាក់ថា បណ្តាញស៉ើបការណ៍សម្ងាត់របស់អ៉ីស្រាអែល បាននិងកំពុងស្ថិតក្រោមការរិះគន់ ដោយសារតែភាពបរាជ័យ ក្នុងការទប់ស្កាត់​ការវាយប្រហារដែលបានផ្តាច់ជីវិតមនុស្សច្រើនបំផុត ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងប្រវត្តិសាស្រ្តរយៈពេល៧៥ឆ្នាំ នៃប្រទេស​អ៉ីស្រាអែល។ បើតាមតួលេខចុងក្រោយបំផុត ចំនួនមនុស្សស្លាប់នៅអ៉ីស្រាអែល បានបន្តកើនដល់ជាង១,២០០នាក់ ក្រោយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុម Hamas បានបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ច្រើនជាង១,០០០នាក់ ឱ្យចូលលុកលុយតំបន់ភាគខាងត្បូងរបស់​អ៉ីស្រាអែល៕

រូបភាពពី AFP