(សៀងហៃ)៖ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានធ្វើដំណើរទៅដល់ប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីព្យាយាមចាត់ចែងយុទ្ធសាស្រ្ត «កាត់បន្ថយហានិភ័យ» របស់ EU ជាមួយដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ខ្លួន ហើយក្នុងពេលទន្ទឹមគ្នា រៀបចំមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូល ដែលត្រូវបានគ្រោងសម្រាប់ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់លោក Borrell ដែលកន្លងមកត្រូវបានពន្យារពេលដល់ទៅ២លើក ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ វានឹងរួមមាន កិច្ចពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ហើយពាក់ព័ន្ធបញ្ហាផ្សេងៗ ដូចជាទំនាក់ទំនងទ្វេភាគី បញ្ហាប្រឈមជាសកល ព្រមទាំងពាណិជ្ជកម្ម។ បើតាម EU ការបំពេញទស្សនកិច្ចខាងលើ ដែលស្ថិតនៅក្នុងចំណោមកិច្ចសន្ទនាកម្រិតខ្ពស់ជាបន្តបន្ទាប់រវាង EU និងប្រទេសចិន គឺទីបំផុតនឹងនាំទៅរកការបើកកិច្ចប្រជុំកំពូល EU-ចិន ក្នុងឆ្នាំនេះ។
គួរបញ្ជាក់ ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន បានជួបភាពរកាំរកូសខ្លាំង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាទង្វើដែលទីក្រុងប៉េកាំងមិនបានថ្កោលទោសឡើយ។ ជំនួសឱ្យការផ្អាកកិច្ចសន្ទនាទាំងស្រុង ទីក្រុងព្រុចសែល កំពុងព្យាយាមជំរុញការអនុវត្តយុទ្ធសាស្រ្តចំពោះទីក្រុងប៉េកាំង ដែលផ្តល់តុល្យភាពរវាងក្តីបារម្ភរបស់ខ្លួន ជុំវិញការពឹងផ្អែកជ្រុលខ្លាំងពេកលើចិន ហើយនិងការរក្សាចំណងទាក់ទងជាមួយ ប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោកមួយនេះ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានកំណត់និយមន័យគោលជំហររបស់ EU ថាជា «ការបន្ថយហានិភ័យ» ជាជាង «ការកាត់ផ្តាច់» ពីប្រទេសចិន៕
រូបភាពពី AFP