(ប៊ីស្កេក)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកៀហ្ស៉ីស៊ីស្ថានហើយ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលានេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងបំផុតនៅក្រៅប្រទេស ចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនរូបលោក កាលពីខែមីនាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ពាក់ព័ន្ធនឹងការចោទប្រកាន់ចាប់ ពង្រត់កុមារអ៊ុយក្រែន។ ការអនុវត្តដីកានេះគឺតម្រូវទៅលើប្រទេសដែលជាសមាជិក ICC ចាប់ខ្លួនលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះ ជាន់ទឹកដីរបស់ពួកគេ។ តែកៀហ្ស៉ីស៊ីស្ថានមិនមែនជាសមាជិក ICC នោះទេ។

តាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីរួមមាន TASS, Interfax និង RIA Novosti បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាលោក ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកៀហ្ស៉ីស៊ីស្ថានហើយ។ លោក ពូទីន គ្រោងនឹងជួបពិភាក្សាការងារជាមួយសមាភាគីកៀហ្ស៉ីស៊ីស្ថាន លោក សាឌី ចាប៉ារ៉ូវ (Sadyr Japarov) និងដើម្បីចូលរួមកិច្ចប្រជុំ Commonwealth of Independent States ជាមួយប្រធានាធិបតីបេឡារុស Alexander Lukashenko និងមេដឹកនាំក្នុងតំបន់ដទៃទៀត។

គួរបញ្ជាក់ថា លោក ពូទីន មិនសូវធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាយូរណាស់មកហើយ ចាប់តាំងពីរូបលោកបានបញ្ជាឱ្យកងទ័ព វាយលុកចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោមស្លាកប្រតិបត្តិការយោធាពិសេស ដែលលោកខាងលិច និងទីក្រុងកៀវ ចាត់ទុកថាជា សង្រ្គាមឈ្លានពាន៕

រូបភាពពី AFP