(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បានបើកការវាយប្រហារលើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ចូលដល់ថ្ងៃទី៥ជាប់ៗគ្នា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើអ៉ីស្រាអែល ខណៈនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu សន្យាកម្ទេចក្រុមហាម៉ាសទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃពុធសប្ដាហ៍នេះ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «សមាជិកក្រុមហាម៉ាសគ្រប់ៗរូបបានក្លាយជាមនុស្សស្លាប់ ទៅហើយ... យើងនឹងកម្ទេចពួកគេ ហើយយើងនឹងកម្ទេចពួកគេដូចដែលពិភពលោកបានកម្ទេចពួក ISIS»។ ការប្រកាសបែបនេះរបស់លោក Netanyahu កើត មានឡើងចំពេលអ៉ីស្រាអែលបានកែនកងទ័ពបម្រុងជាង ៣០០,០០០នាក់ ដែលសារព័ត៌មានមួយចំនួនធំរាយការណ៍ថានេះជាការត្រៀមលក្ខណៈធ្វើសង្រ្គាម ជើងគោកវាយលុកចូលតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក បានសម្លាប់មនុស្សជាង ១,២០០នាក់ ក្នុងប្រទេសអ៉ីស្រាអែល រីឯមនុស្សជាង ១,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា៕

">

រូបភាពពី AFP