(បាងកក)៖ ពលរដ្ឋថៃចំនួន ២០នាក់បានស្លាប់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងចលនាប្រដាប់អាវុធហាម៉ាស នេះបើយោងតាមអ្វីដែលរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រថៃ បានប្រកាស បើធៀបនឹងចំនួនអ្នកស្លាប់មុនចំនួន ១៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ក្រសួងការបរទេសបាននិយាយថា ដោយផ្អែកលើរបាយការណ៍ក្រៅផ្លូវការ ពីពលរដ្ឋថៃនៅក្នុងប្រទេសអ៊ីស្រាអែលបានឱ្យដឹងថា ចំនួនជនជាតិថៃដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងបានកើនឡើងពី ៣ទៅ ១៤ នាក់។
អ្នកនាំពាក្យក្រសួងថៃ លោកស្រី Kanchana Pattarachuk បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកដូច្នេះថា «ចំនួនអ្នកស្លាប់របស់ពលរដ្ឋថៃបានកើនឡើងដល់ ២០នាក់» ដោយបន្ថែមថា ចំណែកចំនួនអ្នករងរបួសបានកើនឡើងដល់ ១៣ នាក់ហើយ។
ជើងហោះហើរដំបូងដែលដឹកពលរដ្ឋថៃដែលរងរបួស ត្រូវបានគេរំពឹងថា នឹងចុះចតនៅរដ្ឋធានីអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ ខណៈពលរដ្ឋថៃជាង ៥ពាន់នាក់បានស្នើសុំឲ្យត្រឡប់មកប្រទេសវិញ។
យោងតាមក្រសួងការងារថៃបានឲ្យដឹងថា មានជនជាតិថៃប្រមាណ ៣ ម៉ឺននាក់ក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់ជាង ១,២០០នាក់ ខណៈដែលមន្ត្រីនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា មនុស្ស ៩០០នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ៕
">រូបភាពពី Reuters