(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ (១២ តុលា) តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Lee Hsien Loong នេះបើតាមក្រសួងការបរទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
វានឹងក្លាយជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ លោក Srettha នៅប្រទេសសិង្ហបុរី ក្នុងនាមជាប្រមុខរដ្ឋាភិបាលថៃ។
ក្រសួងការបរទេសសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «នាយករដ្ឋមន្ត្រីថៃ លោក Srettha នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ហើយនឹងជួបជាមួយលោកប្រធានាធិបតី Tharman Shanmugaratnam នៅវិមាន Istana នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «លោកនឹងជួបនាយករដ្ឋមន្ត្រី Lee ដែលនឹងរៀបចំអាហារថ្ងៃត្រង់ផ្លូវការសម្រាប់លោកផងដែរ»។
ក្រសួងការបរទេសបានបន្ថែមទៀតថា លោក Srettha ដែលនឹងត្រូវបានអមដំណើរ ដោយមន្ត្រីជាន់ខ្ពស់មកពីលេខាធិការដ្ឋាននាយករដ្ឋមន្ត្រី និងក្រសួងការបរទេសថៃ ក៏នឹងធ្វើទស្សនកិច្ចនៅផ្សារហ៊ុនសិង្ហបុរីផងដែរ៕
">
រូបភាពពី AFP