(ដូហា)៖ អតីតប្រមុខដឹកនាំក្រុមប៉ាឡេស្ទីន Hamas លោក Khaled Meshaal បានអំពាវនាវឱ្យមានការធ្វើបាតុកម្មទូនៅទាំងពិភពមូស្លីម នាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជាការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ហើយលោកថែមទាំងបានប្រកូកប្រកាស ឱ្យប្រជាជននៃបណ្តាប្រទេសនៅក្បែរខាង ចូលរួមក្នុងសង្រ្គាមប្រឆាំងអ៉ីស្រាអែល ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។
លោក Meshaal បាននិយាយដូច្នេះថា «ពួកយើងចាំបាច់ត្រូវតែឆ្ពោះទៅកាន់ទីលាននិងដងផ្លូវនានា នៃពិភពអារ៉ាប់និងមូស្លីមនាថ្ងៃសុក្រសប្តាហ៍នេះ»។ លោក Meshaal ដែលមានមូលដ្ឋាននៅប្រទេសកាតាបាននិយាយថា រដ្ឋាភិបាលព្រមទាំងប្រជាជននៃប្រទេសហ៊្សកដានី ស៉ីរី លីបង់ និងអេហ្ស៉ីប មានភារកិច្ចធំដើម្បីផ្តល់ការគាំទ្រដល់ ប្រជាជនប៉ាឡេស្ទីន។ ហ៊្សកដានីនិងលីបង់ គឺជាប្រទេសដែលមានជនភៀសខ្លួនប៉ាឡេស្ទីនច្រើនជាងគេបង្អស់។ អតីតមេដឹកនាំក្រុម Hamas រូបនេះ បានបន្តដូច្នេះថា «ទៅកាន់បញ្ញវន្តទាំងឡាយ ដែលបានបង្រៀនអំពីជីហាដ... និងទៅកាន់អ្នកទាំងឡាយបានបង្រៀននិងបានរៀន នេះគឺជាពេលវេលាសម្រាប់ការអនុវត្តទ្រឹស្តីហើយ»។
គួរបញ្ជាក់ថា ការអំពាវនាវខាងលើរបស់លោក Meshaal ធ្វើឡើង បន្ទាប់ពីអ៉ីស្រាអែល បានប្តេជ្ញាបង្កើនការឆ្លើយតបក្នុងទម្រង់កាន់តែខ្លាំង ចំពោះការវាយប្រហាររបស់ក្រុម Hamas ដោយនឹងធ្វើសង្រ្គាមជើងគោកចូលទៅកាន់តំបន់ Gaza បន្ទាប់ពីកងយន្តហោះចម្បាំងរបស់អ៉ីស្រាអែល បានបន្តវាយប្រហារលើគោលដៅជាង២០០ថែមទៀត នៅដែនដីប៉ាឡេស្ទីនមួយនេះ កាលពីចន្លោះយប់ថ្ងៃអង្គារនិងថ្ងៃពុធនេះ។ ក្រសួងសុខាភិបាលតំបន់ Gaza បានអះអាងថា មនុស្សយ៉ាងហោច៩៥០នាក់បានស្លាប់ និងប្រហែល៥,០០០នាក់បានរងរបួស។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ក្រុមខ្មាន់កាំភ្លើងរបស់ Hamas មកពីតំបន់ Gaza បានចូលលុកលុយពាសពេញ ផ្នែកភាគខាងត្បូងអ៉ីស្រាអែល ដែលនៅក្បែរតំបន់នេះ ក្នុងការវាយប្រហារដ៏ប្រល័យបំផុតរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងប្រវត្តិសាស្រ្តរបស់អ៉ីស្រាអែល ដោយមនុស្សលើស១,០០០នាក់ បានបាត់បង់ជីវិត៕
រូបភាពពី Reuters