(ហ្សឺណែវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសរុស្ស៉ីបានទទួលបរាជ័យក្នុងការព្យាយាមវិលត្រឡប់ចូលក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) វិញ បន្ទាប់ពីគូប្រជែងទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។
ក្នុងការបោះឆ្នោតជាសម្ងាត់ដោយមហាសន្និបាត UN រុស្ស៉ីទទួលបានសំឡេងគាំទ្រត្រឹម៨៣សំឡេង ទល់នឹង១៦០សំឡេងរបស់ប៊ុលហ្ការី ព្រមទាំង១២៣សំឡេងរបស់ អាល់បានី។ ប៊ុលហ្ការីនិងអាល់បានីបានប្រជែងជាមួយរុស្ស៉ី ដើម្បីដណ្តើមកៅអីចំនួន២ សម្រាប់ក្រុមអឺរ៉ុបខាងកើត នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលមួយអាណត្តិមានរយៈពេល៣ឆ្នាំ ហើយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
លោក ល្វីស ឆាបូនណូ (Louis Charbonneau) នាយក UN ប្រចាំនៅអង្គការ Human Rights Watch បាននិយាយដូច្នេះថា «បណ្តារដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានផ្ញើសារយ៉ាងរឹងមាំមួយទៅកាន់ថ្នាក់ដឹកនាំប្រទេសរុស្ស៉ីថា រដ្ឋាភិបាលមួយដែលស្ថិតនៅពីក្រោយ ឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺមិនសមមានកៅអីអង្គុយ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើយ»។
គួរបញ្ជាក់ថា រុស្ស៉ីត្រូវបានបណ្តេញចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការប្រសហជាជាតិកាលពី១៨ឆ្នាំមុន នៅក្នុងកិច្ចប្រឹងប្រែងផ្នែកការទូតមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយការបំផ្ទុះសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅអ៊ុយក្រែន៕
">
រូបភាពពី AFP