(យូអិន)៖ ប្រេសិតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារនេះ បានចាត់ទុកការវាយប្រហារតាមផ្លូវអាកាស ព្រមទាំងការបាញ់ផ្លោងឥតឈប់ឈរ របស់អ៉ីស្រាអែល ទៅលើតំបន់ Gaza Strip បូករួមជាមួយការប្រកាសបិទខ្ទប់ទាំងស្រុងលើដែនដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុម Hamas មួយនេះ ថាគ្មានខុសអ្វីពីការធ្វើយុទ្ធនាការប្រល័យពូជសាសន៍នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការឆ្មក់វាយប្រហារដ៏ប្រល័យជាទីបំផុតរបស់ខ្លួន នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសអ៉ីស្រាអែល នៅពេលពួកខ្មាន់កាំភ្លើងរបស់ Hamas បានចូលលុកលុយពាសពេញក្រុងរបស់អ៉ីស្រាអែល ដែលនៅក្បែរព្រំប្រទល់ Gaza និងផ្តាច់ជីវិតមនុស្សច្រើនជាង១,០០០នាក់ ហើយចាប់ចំណាប់ខ្មាំងខ្ទង់រយនាក់ យកទៅតំបន់របស់ខ្លួន។ មិនមែនតែជនជាតិអ៉ីស្រាអែលប៉ុណ្ណោះទេ ដែលបានរងគ្រោះក្នុងសកម្មភាពវាយប្រហារនោះ គឺរួមមានជនបរទេសជាច្រើនផងដែរ។
ជាការឆ្លើយតប អ៉ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងទ្រង់ទ្រាយធំសម្បើម ទៅលើតំបន់ Gaza វិញ ដែលគិតមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្សជាង ៩០០នាក់ស្លាប់។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានបង្កឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ តាមរយៈការប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំពីវិធានការបិទខ្ទប់ទាំងស្រុង ដើម្បីបញ្ឈប់ការផ្គត់ផ្គង់សំខាន់ៗ ដូចជាអគ្គិសនី ស្បៀងអាហារ ទឹក និងឥន្ធនៈ ចូលទៅ Gaza ដែលជាកន្លែងជ្រកកោនរបស់ប្រជាជនប៉ាឡេស្ទីន២.៣លាននាក់។ មិនតែប៉ុណ្ណោះ យោធាអ៉ីស្រាអែលក៏ហាក់កំពុងត្រៀមខ្លួន ដើម្បីបើកប្រតិបត្តិការវាយលុកតាមជើងគោកតែម្តង ចូលទៅតំបន់ Gaza Strip ផងដែរ។
ក្នុងលិខិតផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ប្រេសិតប៉ាឡេស្ទីនប្រចាំ UN លោក Riyad Mansour បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែក ដើម្បីព្យាយាមបង្ខំឱ្យមនុស្សចុះញ៉មនឹងខ្លួន, ការប្រើប្រាស់មធ្យោបាយបង្អត់ស្បៀងអាហារ ទឺក និងរបស់ចាំបាច់ផ្សេងៗ ធ្វើជាវិធីសាស្រ្តសឹកសង្រ្គាម ហើយនិងការប៉ុនប៉ងលុបបំបាត់អត្ថិភាពជាតិរបស់ពួកគេ គឺគ្មានខុសអ្វីពីទង្វើប្រល័យពូជសាសន៍ឡើយ។ សកម្មភាពទាំងនេះ គឺស្មើទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម»។
ដោយឡែក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំនៅ UN លោក Gilad Erdan បានចោទប្រកាន់ក្រុម Hamas ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងថាវាដល់ពេលហើយ ដែលត្រូវកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ស្របពេលក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបន្ទាន់មួយ នាពេលនោះ ជុំវិញវិបត្តិជម្លោះរវាងអ៉ីស្រាអែលនិងតំបន់ Gaza។ កាលពីថ្ងៃចន្ទ អគ្គលេខាធិការ UN លោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភជាខ្លាំង ក្រោយសេចក្តីប្រកាសបិទខ្ទប់តំបន់ Gaza ទាំងស្រុងរបស់អ៉ីស្រាអែល៕
រូបភាពពី Reuters