(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងអនុវត្តកាងារត្រៀមលក្ខណៈនៅកន្លែងធ្វើតេស្តនុយក្លេអ៊ែរ ក្នុងរដ្ឋ Nevada ប៉ុន្តែបានអះអាងថា ទីក្រុងមូស្គូនឹងមិនចាប់ផ្តើម កម្មវិធីធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញឡើយ លុះត្រាតែទីក្រុងវ៉ាស៉ីនតោនធ្វើបែបនោះមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បានធ្វើការចោទប្រកាន់ដូចខាងលើ ស្របពេលដែលរដ្ឋសភារុស្ស៉ីកំពុងរួសរាន់សិក្សា លើលទ្ធភាពលុបចោលវិញ នូវការផ្តល់សច្ចាប័នរបស់ទីក្រុងមូស្គូ ចំពោះសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ចំពេលភាពតានតឹងជាមួយលោកខាងលិច កំពុងស្ថិតនៅកម្រិតខ្ពស់បំផុត គិតចាប់តាំងតែពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានចេញមុខច្រានចោលការចោទប្រកាន់របស់លោក Ryabkov ហើយបានឆ្លើយតបវិញថា វាគឺជាកិច្ចប្រឹងប្រែងគួរឱ្យបារម្ភ របស់ទីក្រុងមូស្គូ ក្នុងការព្យាយាមបំប៉ោងហានិភ័យអាវុធនុយក្លេអ៊ែរ និងបង្កើនភាពតានតឹងនៅក្នុងបរិបទ នៃសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ អ្នកនាំពាក្យរូបនោះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនមានផែនការបោះបង់ចោលឡើយ នូវអនុស្សារណៈឆ្នាំ១៩៩២ ស្តីពីការបំផ្ទុះតេស្តនុយក្លេអ៊ែរ អនុលោមតាមសន្ធិសញ្ញាហាមឃាត់គ្រប់ជ្រុងជ្រោយនៃការធ្វើតេស្តនុយក្លេអ៊ែរ ហៅកាត់ CTBT ដែលទីក្រុងវ៉ាស៉ីនតោនបានចុះហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័ន។
គួរបញ្ជាក់ថា ការធ្វើតេស្តនុយក្លេអ៊ែរឡើងវិញដោយសហរដ្ឋអាមេរិកឬរុស្ស៉ី អាចនឹងជំរុញឱ្យប្រទេសដទៃរួមមានចិនជាដើម ធ្វើបែបនោះដូចគ្នា ដែលវានឹងនាំទៅរក ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរថ្មីទៀត រវាងកំពូលមហាអំណាច ដែលបាននាំគ្នាបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរកាលពីទសវត្សរ៍ឆ្នាំ១៩៩០ អំលុងពេលសហភាពសូវៀតដួលរលំ។ អាមេរិកបានធ្វើតេស្តនុយក្លេអ៊ែរលើកចុងក្រោយ នៅឆ្នាំ១៩៩២ ខណៈសហភាពសូវៀតបានធ្វើតេស្តចុងក្រោយ នៅឆ្នាំ១៩៩០៕
រូបភាពពី AFP