(មូស្គូ)៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រុស្សីបានបាញ់បង្ហោះដ្រូនផលិតដោយអ៊ីរ៉ង់ចំនួន៣៦គ្រឿង ចូលទៅភាគខាងត្បូងអ៊ុយក្រែនកាលពីយប់មិញ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់ Odessa។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
កងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា ការវាយប្រហារបានកំណត់គោលដៅលើតំបន់ Odessa, Mykolaiv និងតំបន់ Kherson ដោយបន្ថែមថា ប្រព័ន្ធការពារអាកាសបានបំផ្លាញយន្តហោះដ្រូនចំនួន ២៧ គ្រឿង។
អភិបាលក្រុង Odessa លោក Oleh Kiper បានលើកឡើងដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនត្រូវបានវាយប្រហារ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ»។
ទោះយ៉ាងណាទីភ្នាក់ងារ AFP មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យបានទេ ខណៈរុស្ស៉ីក៏មិនមានការអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះដែរ។
ដោយឡែក រដ្ឋបាលតំបន់ Kherson បាននិយាយថា រុស្ស៊ីបានទម្លាក់គ្រាប់បែកនៅតំបន់នេះ ៧៩ដង ដោយមានទាំងកាំភ្លើងត្បាល់ កាំភ្លើងធំ និងយន្តហោះដ្រូន ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ដោយបានបណ្តាលឲ្យមនុស្ស៤នាក់រងរបួស និងខូចខាតអគារជាច្រើនខ្នង។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើកជាប្រចាំ លើហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើទីតាំងកំពង់ផែជាពិសេស៕