(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ Ronald Reagan ត្រូវបាន រំពឹងថាអាចនឹងធ្វើដំណើរដល់ ហើយចូលចតនៅឯកំពង់ផែនៃទីក្រុងប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

តាមការឱ្យដឹងពីក្រសួងការពារជាតិកូរ៉េខាងត្បូង នាវាផ្ទុកយន្ដហោះចម្បាំង Ronald Reagan គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែប៊ូសាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងបន្តស្នាក់នៅរហូតដល់ថ្ងៃទី១៦ ខែតុលា។ កាលពីឆ្នាំ២០២២ នាវាផ្ទុកយន្ដហោះចម្បាំង Ronald Reagan បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ដោយមានការចូលរួមអមដំណើរពីនាវាចម្បាំងជាច្រើនគ្រឿង ជាការបង្ហាញសាច់ដុំ យោធា និងបញ្ជូនសារទៅកាន់កូរ៉េខាងជើង។

មុនការមកដល់របស់ Ronald Reagan កងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដឹកនាំការធ្វើសមយុទ្ធជើងទឹករួមគ្នា ជាមួយកងកម្លាំង ស្វ័យការពារជប៉ុន នៅក្នុងតំបន់ដែនទឹកក្បែរកោះ Jeju ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទម្សិលមិញ និងកំពុងបន្តនៅថ្ងៃអង្គារនេះទៀត៕

រូបភាព USS Ronald Reagan ធ្វើទស្សនកិច្ចនៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៖ Reuters