(ប៉េកាំង)៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក ឆាក់ ឈូមមើ (Chuck Schumer) និងគណៈប្រតិភូរបស់លោក នាថ្ងៃចន្ទនេះ បានជួបជាមួយ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅឯប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះ លោករដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា រូបលោកសង្ឃឹមថា ដំណើរទស្សនកិច្ចខាងលើ នឹងជួយឱ្យសហរដ្ឋអាមេរិក អាចយល់ដឹងកាន់តែច្បាស់ និងត្រឹមត្រូវជាមុនអំពីប្រទេសចិន។ លោក វ៉ាង ក៏បានលើកឡើងដែរថា ទស្សនកិច្ចនេះនឹងជួយឱ្យភាគីទាំងពីរ ដោះស្រាយចំណុចខ្វែងគំនិតគ្នានានា នាពេលបច្ចុប្បន្ន ប្រកបដោយហេតុផលជាងមុន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ វិលត្រឡប់ទៅរកគន្លងផ្លូវនៃការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរវិញ។
ចំណែកលោក Schumer បានអរគុណលោក វ៉ាង សម្រាប់ការស្វាគមន៍គណៈប្រតិភូរបស់លោក ហើយរូបលោកបានអះអាងថា ការដឹកនាំគណៈប្រតិភូ ដែលរួមមានទាំងសមាជិកមកពីប្រជាធិបតេយ្យនិងមកពីបក្សសាធារណរដ្ឋ នាពេលនេះ គឺដើម្បីបង្ហាញពីឆន្ទៈក្នុងការធ្វើទំនាក់ទំនងជាមួយគ្នា ក្នុងលក្ខណៈត្រង់ៗ ប៉ុន្តែនឹងផ្តល់ជាផ្លែផ្កា។ យ៉ាងណាមិញ លោក Schumer បានប្រាប់លោក វ៉ាង ថាលោកហាក់អាក់អន់ចិត្តជាខ្លាំង ជុំវិញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ របស់ក្រសួងការបរទេសចិន ស្តីពីការផ្ទុះឡើងនូវអំពើហិង្សារវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។
គួរបញ្ជាក់ថា លោក Schumer គឺជាមន្រ្តីជាន់ខ្ពស់អាមេរិកចុងក្រោយចុងក្រោយគេ ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង។ បើតាមសេចក្តីរាយការណ៍ព័ត៌មានកន្លងមក គណៈប្រតិភូរបស់លោក Schumer ក៏មានគោលបំណង ជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ផងដែរ៕
រូបភាពពី AFP