(ហ្សេរុយសាឡឹម)៖ យោធាអ៉ីស្រាអែលបានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៉ីស្រាអែល និងសមាជិកសកម្មប្រយុទ្ធនៃក្រុមប៉ាឡេស្ទីន ហាម៉ាស់ (Hamas) កំពុងតែបន្តប្រព្រឹត្តទៅដដែលនាថ្ងៃចន្ទនេះ នៅតាមទីតាំងចន្លោះ៧-៨កន្លែង ក្នុងទឹកដីអ៉ីស្រាអែល នៅក្បែរតំបន់ ហ្កាហ្សា ស្ទ្រីព (Gaza Strip) ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

រយៈពេល២ថ្ងៃ បន្ទាប់ពីក្រុម Hamas បានបើកការវាយប្រហារទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើលលើអ៉ីស្រាអែល អ្នកនាំពាក្យយោធាអ៉ីស្រាអែល បានឱ្យដឹងយ៉ាងដូច្នេះថា «យើងកំពុងបន្តការប្រយុទ្ធនៅឡើយ។ នៅមានទីតាំងចំនួន៧ទៅ៨កន្លែងទៀត នៅក្បែរតំបន់ហ្កាហ្សា ជាទីដែល​កងកម្លាំងរបស់យើង កំពុងបន្តប្រយុទ្ធតតាំងជាមួយក្រុម Hamas។ ពួកយើងបានគិតថា អាចដណ្តើមការគ្រប់គ្រងបានពេញលេញមកវិញ កាលពីម្សិលមិញ ប៉ុន្តែឥឡូវពួកយើងសង្ឃឹមថា យើងនឹងអាចសម្រេចបាននៅត្រឹមថ្ងៃនេះ»

គួរបញ្ជាក់ថា កាលពីចន្លោះយប់ថ្ងៃអាទិត្យចូលថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំ​​សរុបជាង៥០០លើក ដោយកំណត់គោលដៅទៅលើ ក្រុមសកម្មប្រយុទ្ធ Hamas និង Islamic Jihad នៅឯតំបន់ Gaza។ ដោយឡែក សម្រាប់តួលេខចុងក្រោយបង្អស់ នៃចំនួនមនុស្សស្លាប់សរុប ក្នុងជម្លោះរវាងអ៉ីស្រាអែលនិងតំបន់ Gaza គឺជាង១,១០០នាក់ ក្នុងនោះ ៧០០នាក់នៅខាងអ៉ីស្រាអែល និង៤០០នាក់នៅខាង Gaza៕

រូបភាពពី Reuters