(តូក្យូ)៖ នារសៀលថ្ងៃចន្ទនេះ ប្រទេសជប៉ុនបានសម្រេចដកចេញវិញ នូវសេចក្តីណែនាំអំពីរលកស៊ូណាមិញ ដែលត្រូវបានប្រកាសសម្រាប់​តំបន់មួយចំនួន នៅតាមបណ្តោយឆ្នេរ ជាប់មហាសមុទ្រប៉ាស៉ីហ្វិក ក្រោយមានគ្រោះរញ្ជួយដីកម្រិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

សេចក្តីណែនាំខាងលើត្រូវបានលុបចោលទៅវិញ នៅរយៈពេលជាង៥ម៉ោង បន្ទាប់ពីវាត្រូវបានប្រកាស សម្រាប់តំបន់ឆ្នេរនិងកោះមួយចំនួន ដែលខ្លះ​ស្ថិតនៅចម្ងាយរហូតដល់ជាង ១,០០០គីឡូម៉ែត្រឯណោះ ពីភាគខាងត្បូងរាជធានីតូក្យូ ហើយនិងផ្នែកភាគខាងកើតនៃខេត្ត Chiba ដែលនៅកៀកតូក្យូ។ ទោះបីជារលកស៊ូណាមិ បានត្រូវសង្កេតឃើញកើត​មាន នៅតំបន់កោះមួយចំនួនក៏ដោយ គឺមិនមានការខូចខាតធ្ងន់ធ្ងរ ត្រូវបានរាយការណ៍នោះទេ។

គួរបញ្ជាក់ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានរាយការណ៍ពីការរញ្ជួយដីតូចៗជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ដោយក្នុងនោះរញ្ជួយដីខ្លាំងបំផុតមានកម្រិត ៥.៤រ៉ិចទ័រ ត្រូវបានកត់ត្រានៅម៉ោង ៥៖១៧នាទីព្រឹកថ្ងៃចន្ទនេះ និងស្ថិតនៅចម្ងាយ ៥៥១គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Shimoda។ តំបន់កោះ Izu ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីទីក្រុងតូក្យូ គឺជាកន្លែង​មានការប្រកាសសេចក្តីណែនាំអំពីរលកស៊ូណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រោយរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ៕

រូបភាពពីទីភ្នាក់ងារ United States Geological Survey