(យូអិន)៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញក្ដីព្រួយបារម្ភពី ផលប៉ះពាល់នៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ទៅលើជនស៊ីវិល ពិបាកក្នុងការទទួលបានការផ្គត់ផ្គង់ស្បៀងអាហារចាំបាច់។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។​

ក្នុងសេចក្ដីថ្លែងការណ៍មួយ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ថា WFP បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងពី ការធ្លាក់ចុះស្ថានភាពកាន់ដុនដាបនៅក្នុងទឹកដីអ៉ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងផលប៉ះពាល់នៃសង្រ្គាមនេះទៅលើប្រជាជនស៊ីវិល។

សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «ខណៈជម្លោះកាន់តែកើនឡើង ជនស៊ីវិល ក្នុងនោះរួមមានទាំងកុមារ និងក្រុមគ្រួសារងាយរងគ្រោះ កំពុងប្រឈមនឹងបញ្ហាប្រឈម នៅក្នុងដំណើរការទទួលបានការផ្គត់ផ្គង់ស្បៀងអាហារចាំបាច់នានា ដោយសារតែបណ្ដាញផ្គត់ផ្គង់ស្បៀងអាហារ ត្រូវបានរំខាន រីឯការផលិតចំណីអាហាររងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះ»

គួរបញ្ជាក់ថា មនុស្សច្រើនជាង ១,០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា និងការវាយប្រហារ ទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស់លើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ប្រទេសជាច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសក្រុមហាម៉ាស់ (Hamas) ផងដែរ ប៉ុន្តែមិនមានភាពឯកច្ឆន្ទក្នុងការចេញសេចក្ដីថ្លែងការណ៍រួមនោះទេ៕

រូបភាពពី Reuters