(យូអិន)៖ ប្រទេសជាច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសក្រុមហាម៉ាស់ (Hamas) ជុំវិញការវាយប្រហារ ទ្រង់ទ្រាយធំលើអ៉ីស្រាអែល ប៉ុន្តែ សហរដ្ឋអាមេរិកបានបង្ហាញការសោកស្ដាយចំពោះការខ្វះខាតភាពឯកច្ឆន្ទ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

នៅឯកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍​កន្លងទៅនេះ (ម៉ោងនៅញូវយ៉ក) សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានជំរុញឱ្យមានការថ្កោលទោស យ៉ាងខ្លាំងលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា សម្រាប់ការបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយកាលពីថ្ងៃសៅរ៍។ ថ្លែងប្រាប់ អ្នកសារព័ត៌មាន បន្ទាប់កិច្ចប្រជុំបិទទ្វារ លោក Robert Wood ជាមន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់ បានគូសបញ្ជាក់ដូច្នេះថា «មានប្រទេសជាច្រើនបាន ថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់។ ប៉ុន្តែ មិនមែនគ្រប់ប្រទេសទាំងអស់បានថ្កោលទោសនោះទេ»

គួរបញ្ជាក់ថា អ៉ីស្រាអែល បានបើកការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សជាង ៤០០នាក់ ខណៈជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត៕

រូបភាពពី Reuters