(ញូយ៉ក)៖ បេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅញូវយ៉ក) ថាទីក្រុង តេហេរ៉ង់ មិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ និងចាប់ពង្រត់ មនុស្សរាប់សិបនាក់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បេសកកម្មអ៉ីរ៉ង់ប្រចាំ UN បានលើកឡើងដូច្នេះថា «ការចាត់វិធានការយ៉ាងខ្លាំងពីសំណាក់ប៉ាឡេស្ទីនមានលក្ខខណៈ ការពារខ្លួនដោយស្របច្បាប់ ប្រឆាំងនឹងការគាបសង្កត់ និងការប្រព្រឹត្តបទឧក្រិដ្ឋដោយរបបខុសច្បាប់ហ្ស៉ីយ៉ូនីស (Zionist)។ យើងគាំទ្រប៉ាឡេស្ទីន ដោយមិនមានការស្ទាក់ស្ទើរ ប៉ុន្តែយើងមិនមានជាប់ពាក់ព័ន្ធនឹងការឆ្លើយតបរបស់ប៉ាឡេស្ទីននោះទេ ខណៈសកម្មភាពត្រូវបានធ្វើឡើងដោយ ប៉ាឡេស្ទីន ខ្លួនឯង»

គួរបញ្ជាក់ថា ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយ​បញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បី វាយប្រហារ អ៉ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារ លើអ៉ីស្រាអែល នៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។ អ៉ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់មនុស្សជាង ៤០០នាក់ ខណៈជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ ជីវិត៕

រូបភាពពី​ Reuters