(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។
ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារ អ៉ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារលើអ៉ីស្រាអែល នៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។
ជាការសងសឹក អ៉ីស្រាអែលបានបើកការវាយប្រហារលើតាមផ្លូវអាកាសលើអគារ វិហារ និងផ្ទះរបស់ក្រុមមន្ត្រីហាម៉ាស់នៅក្នុងតំបន់ងហ្កាហ្សា ដោយបាន សម្លាប់មនុស្សច្រើនជាង ៤០០នាក់ ក្នុងនោះមានទាំងកុមារ ២០នាក់។ ចំណែក អាជ្ញាធរអ៉ីស្រាអែលវិញមិនទាន់បានបញ្ចេញតួលេខផ្លូវការ នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មនុស្សយ៉ាងហោច ៧០០នាក់ ក្នុងនោះមានទាំងកុមារបានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់។ មួយវិញទៀត អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក៏បានទទួលស្គាល់ដែរថាមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងកំពុងតាមដានស្ថានការណ៍យកចិត្តទុកដាក់ជាមួយការសន្យាផ្ដល់ការគាំទ្រដល់អ៉ីស្រាអែល។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៉ីស្រាអែល បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាម រីឯសហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ជូនកងនាវាចម្បាំងដឹកនាំដោយ នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ទៅកាន់សមុទ្រមេឌីទេរ៉ាណេខាងកើត ដើម្បីជាការបង្ហាញការគាំទ្រដល់អ៉ីស្រាអែល ហើយក៏ បានចាប់ផ្ដើមបញ្ជូនអាវុធមួយចំនួនឱ្យសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនមួយនេះក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ៕
រូបភាពពី Reuters