(ប៉ាឡេស្ទីន)៖ អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដ៏មានឥទ្ធិពលរបស់ប្រទេសលីបង់ បានបាញ់ផ្លោងកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមកនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីក្រុមហម៉ាស់ប៉ាឡេស្ទីនបានបើកការវាយប្រហារយ៉ាងខ្លាំងក្លា លើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសលីបង់ ឬអ៊ីស្រាអែល ពីការផ្ទុះអាវុធដាក់គ្នានេះទេ។
ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលមានឈ្មោះថា «ហេសបូឡា» បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែត និងបាញ់កាំភ្លើងធំទៅកាន់ទីតាំងចំនួនបីក្នុងកសិដ្ឋាន Shebaa ក្នុងស្មារតីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន។
ចំណែក កងទ័ពអ៊ីស្រាអែលក៏បានឱ្យដឹងនៅថ្ងៃអាទិត្យនេះផងដែរថា ខ្លួនបានបាញ់កាំភ្លើងធំទៅកាន់តំបន់មួយក្នុងប្រទេសលីបង់ ជាកន្លែងដែមានការបាញ់កាំភ្លើងត្បាល់ឆ្លងព្រំដែនចេញពីទីនោះ។ កងទ័ពអ៊ីស្រាអែលបានបន្ថែមទៀតថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់ខ្លួន ក៏បានទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមហេសបូឡា នៅតំបន់ Har Dov ជាតំបន់មួយក្នុងកសិដ្ឋាន Shebaa។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រុម Hamas បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់សំដៅទៅកាន់អ៉ីស្រាអែល ហើយបានបញ្ជូនក្រុមខ្មាន់កាំភ្លើងរបស់ខ្លួន ឱ្យឆ្លងព្រំដែនដើម្បីចូលលុកលុយដល់ក្នុងទឹកដីអ៉ីស្រាអែល។ នៅខាងអ៉ីស្រាអែល មនុស្សច្រើនជាង៣៥០នាក់បានស្លាប់ និងជាង១,៨០០នាក់បានរងរបួស ហើយរាប់សិបនាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ រីឯក្រសួងសុខាភិបាលនៅ Gaza បានអះអាងថា ជនជាតិប៉ាឡេស្ទីន៣១៣នាក់ ត្រូវបានសម្លាប់ និងប្រមាណ១,៩៩០នាក់ទៀត បានរងរបួសនៅក្នុងតំបន់នោះ ដោយសារតែការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៉ីស្រាអែល៕
រូបភាពពី Reuters