(ឡុងដ៍)៖ បុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើការជាអ្នកយាម នៅពិធីបុណ្យតន្ត្រីមួយក្នុងប្រទេសអ៊ីស្រាអែល បានបាត់ខ្លួនបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
ស្ថានទូតអ៊ីស្រាអែលនៅទីក្រុងឡុងដ៍បាននិយាយថា លោក Jake Marlow អាយុ ២៦ ឆ្នាំ បានបាត់ខ្លួននៅជិតតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹកថ្ងៃសៅរ៍នៅពេលដែលក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបើកការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងភាគខាងត្បូងនៃប្រទេស។
អ្នកនាំពាក្យស្ថានទូតបាននិយាយថា «គាត់បានបាត់ខ្លួន យើងមិនដឹងច្បាស់ថាតើគាត់ត្រូវបានគេចាប់ជាចំណាប់ខ្មាំង ស្លាប់ ឬនៅមន្ទីរពេទ្យទេ»។
មនុស្សរាប់ពាន់នាក់បានរត់ចោលពិធីបុណ្យ ដែលបានប្រារព្ធឡើងនៅជិតភូមិ Kibbutz Ra'im បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារសម្លាប់មនុស្សជាច្រើននាក់ និងជាច្រើននាក់ផ្សេងទៀតត្រូវចាប់ជាចំំណាំខ្មាំង ហើយដឹកជញ្ជូនពួកគេទៅកាន់តំបន់ហ្គាហ្សា។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅចក្រភពអង់គ្លេស លោក Tzipi Hotovely បានប្រាប់ Sky News ថា ជនជាតិអង់គ្លេសម្នាក់ស្ថិតក្នុងចំណោមប្រជាជន ដែលត្រូវបានដឹកជញ្ជូនទៅតំបន់ហ្គាហ្សា ប៉ុន្តែនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។
គួរបញ្ជាក់ថា នាចុងសប្តាហ៍នេះ អំពើហិង្សាបានពុះកញ្រ្ជោលឡើងយ៉ាងខ្លាំងក្លាបំផុត រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីក្រុម Hamas ដែលគ្រប់គ្រងតំបន់ Gaza បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល ហើយជាលទ្ធផលភាគីទាំងសងខាង បានមើលឃើញមនុស្សស្លាប់សរុបរាប់រយនាក់ និងរបួសរាប់ពាន់នាក់៕
រូបភាពពី AFP