(ហ្សាការតា)៖ ឥណ្ឌូណេស៉ី ដែលជាប្រទេសបានផ្តល់ការគាំទ្រយូរមកហើយ ចំពោះបុព្វហេតុប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍ នាថ្ងៃអាទិត្យនេះថា ខ្លួនមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ អំពីការផ្ទុះភាពតានតឹងខ្លាំង រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន ហើយបានអំពាវនាវ​បញ្ចប់អំពើហិង្សាដែលបានកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការបរទេសឥណ្ឌូណេស៉ី បាននិយាយដូច្នេះថា «ប្រទេសឥណ្ឌូណេស៉ីមានក្តីបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានការណ៍កើនឡើងភាពតានតឹងភ្លាមៗ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ឥណ្ឌូណេស៉ីសូមទទូចឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សា ដើម្បីចៀសវាងមនុស្សស្លាប់ច្រើននាក់ថែមទៀត»។ ឥណ្ឌូណេស៉ីជាប្រទេសមានប្រជាជនច្រើនជាងគេ ដែលមានអ្នកកាន់សាសនាអ៉ីស្លាម រស់នៅភាគច្រើន។

តាំងពីដើមមក ឥណ្ឌូណេស៉ីបានផ្តល់សំឡេងគាំទ្រជាប់ជានិច្ច សម្រាប់កិច្ចប្រឹងប្រែងតស៊ូរបស់ប៉ាឡេស្ទីន ដែលចង់ទទួលបានឯករាជ្យ។ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ទីក្រុងហ្សាការតាបានលើកឡើងយ៉ាងដូច្នេះថា «ដើមចមនៃជម្លោះរវាងភាគីទាំងពីរ តួយ៉ាងដូចជាការត្រួតត្រា​លើដែនដីប៉ាឡេស្ទីនដោយអ៉ីស្រាអែល ចាំបាច់ត្រូវតែដោះស្រាយដោយអនុលោមតាម ប៉ារ៉ាម៉ែត្រនានាដែលត្រូវបានព្រមព្រៀងដោយ​អង្គការសហប្រជាជាតិ»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានាចុងសប្តាហ៍នេះ ដែលបង្កឡើងដំបូងដោយការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ របស់ក្រុមប៉ាឡេស្ទីន Hamas ទៅលើអ៉ីស្រាអែល តាមរយៈការបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងការបញ្ជូនក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ឱ្យឆ្លងព្រំដែនចូលលុកលុយអ៉ីស្រាអែល ហើយក្រោយមកយោធាអ៉ីស្រាអែល ក៏បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃសងសឹកទៅវិញនោះ គឺបានសម្លាប់មនុស្សរាប់រយ​នាក់ និងបង្កឱ្យរបួសរាប់ពាន់នាក់ផ្សេងទៀត ទាំងនៅខាងអ៉ីស្រាអែល និងនៅខាងតំបន់ Gaza។ វាគឺជាការផ្ទុះឡើងភាពតានតឹងដ៏ខ្លាំងក្លាបំផុតមួយ ក្នុងបញ្ហាជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន នារយៈពេលជាច្រើនឆ្នាំមកនេះ៕

រូបភាពពី AFP